(ភ្នំពេញ)៖ នៅគ្រាដែលមានប្រជាពលរដ្ឋមួយចំនួន រអ៊ូរទាំទាក់ទិននឹងបញ្ហាដាច់ទឹក និងការចុះខ្សោយនៃសម្ពាធទឹកនៅក្នុងទីក្រុងភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក ក្នុងការប្រើប្រាស់ទឹកនោះ, លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រាប់ពីមូលហេតុធំៗមួយចំនួនធ្វើឲ្យការផ្គត់ផ្គង់ទឹកក្នុងរាជធានីភ្នំពេញ មានសម្ពោធខ្សោយ និងឧស្សាហ៍ដាច់ទឹកនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក ស៊ឹម ស៊ីថា ឲ្យដឹងថា បញ្ហាដែលបណ្ដាលឲ្យទឹកក្នុងទីក្រុងភ្នំពេញមានសម្ពោធខ្សោយ និងឧស្សាហ៍ដាច់នេះ គឺមកពីមូលហេតុ៖ ការអនុវត្តគោលការណ៍ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត ដែលត្រូវបែងចែកទឹកពីកណ្ដាលទីក្រុងភ្នំពេញ ទៅកាន់តំបន់ជាយក្រុង ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់។
លោក ស៊ឹម ស៊ីថា ឲ្យដឹងថា ការអនុវត្តទឹកស្អាតនេះ មកពីមានការចូលមករស់នៅថ្មីរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមជាយក្រុង ដែលបច្ចុប្បន្នននេះ ពួកគាត់ពុំមានទឹកស្អាតប្រើប្រាស់នៅឡើយ។ ដូច្នេះហើយទើបរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវតែពង្រីកបណ្ដាញទុយយោទៅជាយក្រុង ដែលធ្វើឲ្យសម្ពាធទឹកក្នុងទីក្រុងមានសម្ពោធខ្សោយ។
លោកបន្ថែមថា មូលហេតុខាងលើនេះ ហើយធ្វើឲ្យទីក្រុងភ្នំពេញកង្វះខាតទឹកប្រើប្រាស់ ដោយសារតែពលរដ្ឋកើនឡើង, ចំនួនកុងទ័រកើន ចំណែកឯរិមាណទឹកដែលត្រូវផ្គត់ផ្គង់នៅដដែល។ ជាក់ស្ដែងក្នុងមួយថ្ងៃរដ្ឋាករទឹកផលិត បានត្រឹមតែ៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃប៉ុណ្ណោះ ប៉ុន្តែតម្រូវការទឹកស្អាតមានចំនួនច្រើនជាងនេះ។
លោកឲ្យដឹងទៀតថា បញ្ហាទាំងនេះក៏ធ្វើឲ្យរដ្ឋាករទឹកស្វយ័តព្រួយបារម្ភពី ការខូចខាតនៃឧបករណ៍គ្រឿងចក្រព្រោះ រោងចក្រមផលិតទឹក២៤លើ២៤ម៉ោង ដោយគ្មានពេលសម្រាកឡើយ។
លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាករទឹកស្វយ័ត បាននឹងកំពុងពង្រីករោងចក្រ នៅទីតាំងផ្សេងៗទៀតបន្ថែមទៀត ដោយទទួលបានប្រាក់ឥណទានខ្ចី ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពី AFD ជាដើម ដើម្បីសាងសងរោងចក្រចំការមន ដែលបច្ចុប្បន្ននេះកំពុងតែសាងសង និងចំណាយទឹកប្រាក់ជាង៣០លានអឺរ៉ូ និងចំណាយពេលសាងសងប្រមាណជាង២ឆ្នាំ។
លោកឲ្យដឹងទៀតថា បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តមានរោងចក្រផលិតទឹកចំនួន៤ ក្នុងនោះរោងចក្រមួយ កំពុងតែសាងសង។ រោងចក្រទាំង៤នេះមានសមត្ថភាព ត្រឹមតែ៥៦ម៉ឺនម៉ែត្រគូបប៉ុណ្ណោះក្នុង១ថ្ងៃ ហើយសព្វថ្ងៃបានផ្គត់ផ្គង់ ចេញពីរោងចក្រ៣រួមមាន៖ រោងចក្រភូមិព្រែក, រោងចក្រជ្រោយចង្វា និងរោងចក្រនិរោទិ៍។
លោកបញ្ជាក់បន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំសេចក្ដីត្រូវការទឹកកើនឡើងជាលំដាប់ ជាក់ស្ដែងក្នុងឆ្នាំ២០១៤ រាជធានីភ្នំពេញត្រូវបានផ្គត់ផ្គង់ទឹកត្រឹមតែ១៦៣លានម៉ែត្រគូបក្នុង១ឆ្នាំ , ឆ្នាំ២០១៥ កើនឡើងដល់១៧៨ លានម៉ែត្រគូបក្នុង១ឆ្នាំ, ឆ្នាំ២០១៦ កើនដល់១៩៩លានម៉ែត្រគូបក្នុងមួយឆ្នាំ, ចំណែឆ្នាំ២០១៧ កើនឡើងដល់២០៦លានម៉េត្រគូបក្នុងមួយឆ្នាំ ហើយឆ្នាំ២០១៨ លើសពី២០៦លានម៉ែត្រគូប ហើយផែនការក្នុងឆ្នាំ២០១៩ ត្រូវផ្គត់ផ្គង់២៥០លានម៉ែត្រគូបក្នុង១ឆ្នាំ៕