(រតនគិរី)៖ ក្រោយពីប្រជាពលរដ្ឋម្ចាស់ដីនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបរាប់ពីអំពើទុច្ចរិតរបស់ លី សុខងីម និងបក្ខពួក មកគម្រាមកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់ របស់ពួកគាត់រួចមក បុគ្គលនេះត្រូវបានម្ចាស់ដីជាង២០០គ្រួសារផ្សេងទៀត នៅខេត្តរតនគីរី ក៏បានចោទប្រកាន់ថា បានរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់ដោយចោទ ពួកគាត់ថាជាកូនបំណុល ខណៈពួកគាត់មិនដែលស្គាល់បុគ្គលនេះពីមុនសោះ។
ការគម្រាមកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់របស់ប្រជាពលរដ្ឋ ពីសំណាក់បុគ្គល លី សុខងីម នេះ មានពីរករណីផ្សេងគ្នា រួមមាន៖ ករណីទី១ មានប្រជាពលរដ្ឋ៣គ្រួសារ រស់នៅភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី ត្រូវបុគ្គលនេះ រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន២១ហិកតា។
ករណីមួយផ្សេងទៀត មានជនជាតិ កាចក់ ប្រមាណ២៣០គ្រួសារ នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ក៏ត្រូវបុគ្គល លី សុខងីម នេះ រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន ៣៧០ហិកតាផងដែរ តាមរយៈរូបភាពឲ្យប្រជាពលរដ្ឋផ្ដិតមេដៃ លក់ដោយខ្លួនសន្យាថា នឹងឲ្យប្រាក់តាមក្រោយ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
ទាក់ទងទៅនឹងករណីនេះ ប្រជាពលរដ្ឋបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួយរកយុត្តិធម៌ជូនពួកគាត់ពីសំណាក់បុគ្គល លី សុខងីម នេះដែលបានដើរគំរាមកំហែងមករំលោភបំពានទន្ទ្រានយកដី ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនេះផង។
សូមបញ្ជាក់ថា តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ដើម្បីប្ដឹងពីគំនិតខិលខូច និងទង្វើទុច្ចរិតដើរគំរាមកំហែងមករំលោភ បំពានទន្ទ្រានយកដីប្រជាពលរដ្ឋពីសំណាក់បុគ្គល លី សុខងីម នេះ។
កាលពីពេលថ្មីៗកន្លងទៅនេះ បុគ្គលឈ្មោះ លី សុខងីម ភេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៤៣ E0 ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបក្ខពួករបស់ខ្លួនបាន រំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយមានការរំលោភបំពានបែបនេះ ម្ចាស់ដីដែលមានប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីត្រឹមត្រូវស្របច្បាប់ បានរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា ពួកគាត់ទាំង១៩គ្រួសារ មានការឈឺចាប់ រូបគាត់បានធ្លាក់ខ្លួនឈឺដោយសារអំពើរំលោភបំពានទន្រ្ទានយកដីពួកគាត់ ដែលខំកាន់កាប់ និងថែរក្សាតាំងពីឆ្នាំ១៩៩៤មក។
សូមបញ្ជាក់ថា តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ស្របពេលដែលដីខេត្តព្រះសីហនុមានតម្លៃ បុគ្គល លី សុខងីម និងបក្ខពួកបានធ្វើអំពើទុច្ចរិត គំរាមកំហែងរំលោភទន្ទ្រាន កាន់កាប់ដីប្រជាពលរដ្ឋមួយចំនួន ហើយបុគ្គលនេះកំពុងតែជាប់បណ្ដឹងពីម្ចាស់កាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕