(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ស្របពេលដែលប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍវិស័យអចលនទ្រព្យ សំណង់ ដីធ្លីនៅខេត្តស្វាយរៀង មានសន្ទុះកើនឡើងជាបន្តន្ទាប់។

ការថ្លែងរបស់លោកអភិបាលរងខេត្តស្វាយរៀងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ភោធគំរោងដីឡូតិ៍អភិវឌ្ឍន៍ដំរីសរំដួល ស្ថិតក្នុងភូមិស្វាយរួង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។ ក្នុងនោះក៏មានការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្ត លោក លោកស្រី ជាអភិបាលស្រុក អាជ្ញាធរភូមិឃុំ ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលស្វែងយល់អំពីគំរោងដីឡូតិ៍នេះយ៉ាងច្រើនកុះករផងដែរ។

លោក ហែម ពិសិដ្ឋ បានបន្តថា រាល់គំរោងអភិវឌ្ឍទាំងអស់នៅខេត្តស្វាយរៀង អាជ្ញាធរខេត្តសូមគាំទ្រ និងសហការក្នុងការផ្តល់ទំនុកចិត្តចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែកនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ ជាមួយដ្ឋាភិបាលបានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋានមានតំលៃសមរម្យ ​ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។

លោក ហែម ពិសិដ្ឋ បានបញ្ជាក់ថា តាមរយៈ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កំពុង​សហការគ្នា​ក្នុងការ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​ឯកជន ដែល​បាន​វិនិយោគ​លំនៅដ្ឋាន​ដែលមាន​តំលៃ​ទាប និង​តំលៃ​មធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលោក ធា រិន ប្រធានគម្រោងអភិវឌ្ឍដំរីស រំដួលបានឲ្យដឹងថា ដោយមើលឃើញនូវសក្កានុពលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង ដោយមានរោងចក្រសហគ្រាសជាច្រើនកន្លែង អាចផ្តល់ឱកាសការងារដល់ពលរដ្ឋរាប់ម៉ឺននាក់ ធ្វើឲ្យជីវភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបលោក និងក្រុមការងារសម្រេចចិត្តបោះទុនវិនិយោគ ទៅលើវិស័យដីធ្លី ហើយក្នុងនោះ ក៏ចាប់អារម្មណ៍នៅទីតាំងដី នៅភូមិស្វាយរួង ឃុំកំពង់ចក ស្រុករំដួលនេះ ដែលជាស្រុកមួយមិនទាន់មានគំរោងវិនិយោគដីឡូតិ៍។

លោកបានបន្តថា គម្រោងអភិវឌ្ឍន៍ដំរីស រំដួលនេះ មានផ្ទៃដី៧.៣ហិចតា ដែលគ្រោងកសាងហេដ្ឋាចរនាសម្ព័ន្ធ រមនីយដ្ឋាន ផ្ទះល្វែង និងដីឡូតិ៍រួមមាន៖

*គម្រោងរមនីយដ្ឋានដំរីស រំដួលបង្កើតឡើង ក្នុងគោលបំណងកែច្នៃតំបន់នេះ ឲ្យក្លាយជាតំបន់ទេសចរណ៍បៃតង ផ្សារភ្ជាប់ និងធម្មជាតិ ព្រមទាំងបង្កើតឱកាសរកប្រាក់ចំណូល ដល់ប្រជាពលរដ្ឋក្នុងតំបន់។ រមនីយដ្ឋាននេះ នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃសម្រប់ភ្ញៀវជាតិ និងអន្តរជាតិដំបូងនៅក្បែរទីរួមខេត្តស្វាយរៀង។

*ការរចនារមនីយដ្ឋាននេះឡើងរួមមាន តារាងបាល់ទាត់ តារាងបាល់ទះ ស្រះចិញ្ចឹមត្រី ខ្ចុះ មាត់ទឹក រោងបន្លែ ធម្មជាតិនិងបន្លែ Hypotonic (ការដាំលើទឹក) ផ្លូវជិះកង់ ភោជនីយដ្ឋាន សួនទឹក និងកាយាកសំរាប់ជិះកំសាន្ត ជុំវិញព្រែកជាដើម។ល។

លោក ធា រិន បានបន្តទៀតថា ចំណែកគម្រោងផ្ទះល្វែងវិញមាន២២ល្វែង ធ្វើឡើងតាមបទដ្ឋានស្តង់ដា គុណភាពខ្ពស់ ទំហំមុខកាត់ ៤,២ម៉ែត្រ និងជម្រៅ១៤ម៉ែត្រ សល់២ម៉ែត្រ និងខាងមុខ៤ម៉ែត្រ។

គម្រោងផ្ទះល្វែងគឺរចនាឡើងសមស្រប និងជីវភាពប្រជាជនក្នុងស្រុកមានលទ្ធភាពគឺត្រឹមតែចន្លោះពី១៦០០០ ទៅដល់២១០០០ដុល្លារក្នុង១ល្វែង តែប៉ុណ្ណោះពោលគឺអ្នកមានគ្រួសារថ្មីថ្មោង បុគ្គលិករោងចក្រ អាចមានលទ្ធភាពបង់ប្រាក់យ៉ាងងាយស្រួលក្នុងការបង់ប្រាក់ ទាំងប្លង់ផ្តាច់ និងរំលោះក្នុងលក្ខខណ្ឌងាយស្រួលបំផុត។

ដោយឡែក សម្រាប់ដីឡូតិ៍ មានចំនួន៣៣២ឡូតិ៍ ដែលមានទំហំដី មុខកាត់៥ម៉ែត្រ គុណ ២០ម៉ែត្រ,៥ ម៉ែត្រ គុណនិង២៥ម៉ែត្រ, ៥ម៉ែត្រ គុណនិង៣០ម៉ែត្រ មានតម្លៃចាប់ពី៣៥០០ដុល្លារ ដល់៦០០០ដុល្លារ និងលក្ខណខណ្ឌ បង់ប្រាក់ងាយស្រួលស្របតាមប្រាក់ចំណូល របស់ប្រជាជនក្នុងស្រុកយើង។

គម្រោងកសាងផ្លូវនិងដាក់លូរំដោះទឹក ក្នុងនោះមានផ្លូវសរុប៧ខ្សែ និងផ្លូវមេ១២ម៉ែត្រ ចាក់បេតុងមួយខ្សែ ផ្លូវចាក់ថ្មមិចស្តង់ដារ មុខកាត់១០ម៉ែត្រ មាន៤ខ្សែ និងផ្លូវចាក់ថ្មមិចស្តង់ដា មុខកាត់៨ម៉ែត្រ មាន២ខ្សែ ហើយបានដាក់លូរំដោះទឹក ចន្លោះ១ម៉ែត្រ សងខាងផ្លូវនីមួយៗ មានមុខកាត់២តឹកកន្លះ និងប្រពន្ធ័បង្ហូរទឹក ធានាការស់នៅ និងរំដោះទឹករបស់ប្រជាជនក្នុងតំបន់អភិវឌ្ឍន៍នេះ៕