(ភ្នំពេញ)៖ ករណីបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ មានស្លាកស្នាមអារ-ក និងឈាមដក់ក្នុងថ្លុកដែលគេសង្ស័យថា ជាករណីឃាតកម្មនោះ តែតាមតាមការពិនិត្យជាក់ស្តែង របស់របស់ជំនាញការិយាល័យកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងវេជ្ជបណ្ឌិតអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា ជាករណីអត្តឃាតដោយយក កូនកាំបិតអារ-ក សម្លាប់ខ្លួន ។
សូមបញ្ជាក់ថា ករណីប្រទះឃើញជនជាតិចិនដេកស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់កន្លែងសម្រាក ក្នុងបរិវេណទល់មុខរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន តាមបណ្ដាយផ្លូវលំ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោក ឡាញ់ យ៉ៅម៉ា អនុប្រធានការិយាល័យ កោសល្យវិច្ច័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
តាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ WEI MINGKAI អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ:ED2280968 មុខរបរ បុគ្គលិកបច្ចេកទេស ស្នាក់នៅកន្លែងកើតហេតុ ខាងលើ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា នៅមុនកើតហេតុជនរងគ្រោះ ស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ទៀត មិនបានស្នាក់នៅជាមួយជនរងគ្រោះឡើយ គឺទៅលេងផ្ទះសង្សារ ពេញមួយថ្ងៃ ហើយរូបគេ ក៏បានព្យាយាមទូរស័ព្ទ មកជនរងគ្រោះចូលតែមិនលើក ឆាតក៏មិនឆ្លើយតប។
លុះមកដល់យប់ថ្ងៃទី១០ ខែមីនា មុនភ្ញាក់ផ្អើល ជនជាតិចិនម្នាក់ទៀត ដែលជាមិត្តរួមការងារជនរងគ្រោះ ក៏បានត្រឡប់មកដល់រោងចក្រវិញ។ តែបន្ទប់ឃ្លាំងកន្លែងដេកសម្រាកនោះ បានជាប់សោ រួចក៏ព្យាយាមទូរស័ព្ទរកជនរងគ្រោះ តែមិនលើក និងហៅសន្តិសុខមកជួយផ្លោះរបងចូល ហើយគាស់ទ្វារចូលក្នុងបន្ទប់ ក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់មានស្នាមអារ-ក ឈាមហូរកកដក់ថ្លុកស្លាប់បាត់នៅលើគ្រែពូក បង្កឲ្យមានកាតផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ភ្លាមៗសមត្ថកិច្ចទាំងមូលដ្ឋានទាំងជំនាញ បានចុះទៅកំពុងធ្វើការ ពិនិត្យជាក់ស្តែងដើម្បីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើយ៉ាងស្រស្រាក់ស្រស្រាំ៕