(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា មន្ត្រីទូតមួយចំនួនទៀតដែលកំពុងស្ថិតនៅប្រទេសវេណេស៊ុយអេឡា នឹងត្រូវដកចេញទាំងអស់តែម្តង ស្ថិតនៅចំពោះមុខស្ថានការណ៍វិវឌ្ឍន៍មិនល្អនៅក្នុងប្រទេសវេណេស៊ុយអេឡាផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
តាមរយៈបណ្តាញសង្គម Twitter លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងដកបុគ្គលិកទូតដែលនៅសល់ទាំងអស់ ចេញពីប្រទេសវេណេស៊ុយអេឡានៅក្នុងសប្តាហ៍នេះ។ ការសម្រេចចិត្តនេះ គឺជាការឆ្លើយតបទៅនឹងស្ថានការណ៍នៅវេណេស៊ុយអេឡា ខណៈដែលវត្តមានមន្ត្រីទូតអាមេរិកនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានក្លាយជាឧបសគ្គមួយចំពោះគោលនយោបាយសហរដ្ឋអាមេរិក...»។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកនៅតែបន្តព្យាយាមដឹកនាំជំនួយទៅកូឡុំប៊ី ដើម្បីត្រៀមចូលទៅកាន់វេណេស៊ុយអេឡា បើទោះបីជាមានការរារាំងដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលបានចាត់ទុកទង្វើអាមេរិកនេះ មានបង្កប់ចេតនាឈ្លានពានក៏ដោយ។ ដោយឡែកមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ បានចូលទៅក្នុងប្រទេសវេណេស៊ុយអេឡាដោយគ្មាននរណាហ៊ានចាប់ខ្លួនលោកនោះឡើយ ខណៈប្រទេសអាមេរិកឡាទីនមួយនេះ កំពុងរងគ្រោះនៅឡើយដោយការដាច់ចរន្តអគ្គិសនីស្ទើរទូទាំងប្រទេស ដែលមិនទាន់ត្រូវបានដោះស្រាយរួច៕