(កំពង់ធំ)៖ លោកស្រី ខៀវស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានស្នើឲ្យអាជ្ញាធរបន្តចុះស្រាវជ្រាវរកអតីតយុទ្ធជន និងគ្រួសារក្រីក្រ និងជូនដំណឹងមកកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារងាយស្រួល ក្នុងចុះជួយដល់ពួកគាត់ទាំងលើផ្នែកជីវភាព និងជម្រកស្នាក់នៅ។
ការលើកឡើងបែបនេះរបស់លោកស្រី ខៀវ ស៊ីណា ជាចាន់តូនេះធ្វើឡើងក្នុងឱកាស ដែលលោកស្រីក្រុមការងារ និងមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះប្រគល់ផ្ទះ ដល់គ្រួសារអតីតយុទ្ធជន១០គ្រួសារ និងគ្រួសារក្រីក្រ៥គ្រួសាររស់នៅឃុំក្រយា ឃុំប្រាសាទ ឃុំព្នៅ និងឃុំកកោះ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ផ្ទះដែលត្រូវផ្ដល់ជូនគ្រួសារអតីតយុទ្ធជនទាំង១០គ្រួសារនេះ សាងសង់ឡើងពីឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ផ្ទះថ្មីនេះជាអំណោយដ៏ថ្លៃថ្លាប្រកបដោយ ទឹកចិត្តព្រហ្មវិហារធ៌មពោរពេញដោយក្ដីអាណិតស្រឡាញ់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បន្ទាប់សម្ដេចទាំងទ្វេរមើលឃើញពីការខ្វះខាត របស់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រតាមរយៈក្រុមការងារផ្ដល់ជូននោះមក។
លោកស្រី ខៀវ ស៊ីណា ឲ្យដឹងថា គ្មានពេលណាដែលថ្នាក់ដឹកនាំទាំងអស់ ពិសេសសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតរួមនឹងប្រជាជនកម្ពុជាបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធបានឡើងព្រោះ បើគ្មានការលះបង់របស់បងប្អូនដ៏ធំធេងណាស់ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
លោកស្រីបន្ដថា ដូចនេះសុខទុក្ខបងប្អូនអតីតយុទ្ធក៏ដូចប្រជាពលរដ្ឋក្រីក្រគឺជា សុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់រូប ដែលត្រូវតែមានការគាំពារយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ពួកគាត់។ មួយវិញទៀតសូមបងប្អូនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខ ក្នុងនោះរួមទាំងកាកបាទក្រហមកម្ពុជាផងដែរ។
ដើម្បីជាចំណងដៃក្នុងថ្ងៃឡើងផ្ទះថ្មីនេះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនដល់ពួកគាត់ផងដែរ។ ក្នុងនោះរួមមានសម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មីទាំង១៥គ្រួសារ៕