(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីចាត់វិធានការចំពោះក្រុមពលរដ្ឋដើរចាប់ដីអនាធិបតេយ្យ នៅខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលក្រុងស្រុកទាំង៤ កលាំងកងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្តព្រះសីហនុ។
គោលបំណងសំខាន់ នៅក្នុងកិច្ចប្រជុំបន្ទាន់នេះ គឺបានផ្ដោតសំខាន់ទៅលើការអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យរបស់ក្រុមពលរដ្ឋមួយចំនួន ដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃ ដែលនៅទំនេរ និងដីសាធារណៈរបស់រដ្ឋផងដែរ។
សូមជម្រាបជូនថា រយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ ក្រុមពលរដ្ឋមកពីខេត្តផ្សេងៗជាច្រើន បានធ្វើការប្រមូលផ្ដុំមនុស្សចូលទៅទន្ទ្រានកាន់កាប់វាស់វែងដីចែកគ្នា នៅស្ទើរគ្រប់ស្រុក-ក្រុង ទៅតាមចំណែករៀងៗខ្លួន។
បន្ទាប់ពីក្រុមអាជ្ញាធរ តាមមូលដ្ឋានបានធ្វើការតាមដានស៊ើបអង្កេតរួចរាល់ពិនិត្យឃើញថា ក្រុមប្រជាពលរដ្ឋទាំងនេះ គឺបានចល័តមកពីតំបន់ផ្សេងៗ ឬខេត្តផ្សេងៗ តាមការចលនាអូសទាញរបស់មេខ្លោងលាក់មុខ នៅពីក្រោយខ្នង ដើម្បីទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃ រួមជាមួយនឹងដីរបស់រដ្ឋផងដែរ ក្រោមហេតុផលថា មានភាពក្រីក្រគ្មានដីគ្មានផ្ទះនៅ។
តែករណីនេះ អាជ្ញាធរធ្វើការសន្និដ្ឋានថា គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាពលរដ្ឋ អនាធិបតេយ្យក្រោមល្បិច ឈ្នះបានដី ចាញ់បានលុយប៉ុណ្ណោះ។
ជាវិធានការចំពោះមុខនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រគល់ភារកិច្ច ជូនគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់ទីតាំង ដែលក្រុមគាត់ចូលទន្ទ្រានកាន់កាប់នោះ ដើម្បីឲ្យពួកគាត់បានយល់ដឹងព្រមទាំង កំណត់អត្តសញ្ញាណពួកគាត់ឲ្យបានច្បាស់លាស់ ជំរុញឲ្យពួកគាត់យល់អំពីច្បាប់ និងចាកចេញពីទីតាំងទន្ទ្រាន ដើម្បីចៀសវាងមានបញ្ហា នៅពេលអាជ្ញាធរចាត់វិធានការផ្លូវច្បាប់។
លោកអភិបាលខេត្តព្រះសីហនុ ក៏បានដាក់បញ្ជាទៅស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ ត្រូវធ្វើការស្រាវជ្រាវ តាមដានរកមុខសញ្ញាមេខ្យល់ទាំងអស់នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានលើកលែង។
លោក យន្ត មីន បានបញ្ជាក់បន្ថែមថា ប្រទេសមានច្បាប់ ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ ដោយមិនអាចបណ្ដែតបណ្ដោយ ឲ្យក្រុមអនាធិបតេយ្យមកក្រឡុកធ្វើព្យុះធ្វើភ្លៀង បង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ។
លោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្ញើសាអំពាវនាវដោយទទូច ដល់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យទាំងអស់នេះ សូមនាំគ្នាដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិរបស់គេ និងដីសាធារណៈរបស់រដ្ឋ ដើម្បីកុំឲ្យមានបញ្ហាប្រឈម៕