(រតនគិរី/ស្ទឹងត្រែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចរបស់សហគ្រាសធុនតូច និងតូចបំផុត (MSME) ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ដែលរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលរបស់ខេត្តទាំងពីរ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានពន្យល់អំពីច្បាប់វិនិយោគកម្ពុជាជាមួយតួនាទី និងភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តារាជធានីខេត្ត ក្នុងការចូលរួមពង្រឹងវិស័យ MSME តាមរយៈការផ្តល់សេវាសាធារណៈ, ការពិគ្រោះយោបល់, ការជួយសម្របសម្រួល, ការស្វែងរកទីផ្សារ, និងការធ្វើអន្តរាគមន៍នៅពេលតម្លៃមានការធ្លាក់ចុះ ជាដើម។
«នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) យើងមិនអនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលមកក្រសោបយកការងាររបស់សហគ្រាសធុនតូច និងតូចបំផុតបានឡើយ ជាពិសេសមុខរបរទាក់ទងសេវាកម្មតូចតាច ព្រោះវាអាចប៉ះពាល់ជីវភាពប្រជាជន ហើយនេះគឺជាកិច្ចការដែលមន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមុននឹងផ្តល់អាជ្ញាប័ណ្ណជូនអ្នកវិនិយោគទាំងនោះ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
ទន្ទឹមគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងពាណិជ្ជកម្មគ្រោងអនុវត្តន៍ ដើម្បីពង្រឹងស្ថិរភាពតម្លៃកសិផល និងផលិតកម្មរបស់ MSME ដូចជា ការបង្កើតគម្រោងសាកល្បង ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករ ទៅតាមតម្លៃទីផ្សារ, ការអនុវត្តន៍គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ធ្វើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ដូចជារៀនភាសាបរទេស និងមុខវិជ្ជាកុំព្យូទ័រ រួមជាមួយជំនាញសំខាន់ៗ ដើម្បីទទួលបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយនឹងឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម ជាមួយបណ្តាស្ថានទូតនានារបស់កម្ពុជា នៅឯបរទេស៕