(ភ្នំពេញ)៖ ផ្ទះល្វែងស្តុកទុកគ្រឿងអគ្គិសនីមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន និងអ្នកជិតខាងម្នាក់រងរបួស ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលឡើងនាវេលាម៉ោងជាង៩យប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៣៤៨ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញផ្សែងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះ ដែលស្តុបគ្រឿងអគ្គិសនីយ៉ាងខ្លាំង ភ្លាមៗនោះអ្នកដែលបានឃើញហេតុការណ៍បានស្រែកហៅឆោឡោដើម្បីឲ្យប្រជាពលរដ្ឋជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការសហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់ផងដែរ។ មិនបានប៉ុន្មានផងស្រាប់តែឃើញមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកដល់ ហើយធ្វើការបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកជាច្រើនគ្រឿង ទើបរលត់ជាស្ថាពរនៅវេលាម៉ោង១១យប់។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍អគ្គិភ័យខាងលើនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ពន្លត់អស់ជាច្រើនគ្រឿង ទើបអាចទប់ស្កាត់នៃការឆេះនេះ មិនឲ្យរាលដាលទៅកន្លែងផ្សេងទៀត ហើយហេតុការណ៍នេះបណ្តាលឲ្យមានអ្នកជិតខាងម្នាក់បានរងរបួសបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ចំណែកឯសម្ភារៈមួយចំនួនដែលនៅជាន់ខាងលើត្រូវបានឆាបឆេះគ្មានសល់អ្វីឡើយ។
ដោយឡែក សម្រាប់ដើមចងដែលបង្កឲ្យមានគ្រោះអគ្គិភ័យ នេះនៅពុំទាន់ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ៕