(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយនគរបាលអន្តោរប្រវេសន៍ច្រកទ្វារ ដើរើសសម្រាមបោសសម្អាត និងបាញ់ទឹកសម្អាតស្ពានមិត្តភាពកម្ពុជា ជារាល់ថ្ងៃច័ន្ទដើមសប្តាហ៍ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
លោក សាន ស៊ានហូ បានប្រាប់ឲ្យដឹងថា ការបោសសម្អាតបរិស្ថាននេះ មិនជាការសម្តែង ឬគ្រាន់តែហៅអ្នកសារព័ត៌មានថតផ្សាយទេ នេះជាសកម្មភាពជាប្រចាំសប្តាហ៍ជារៀងរាល់ថ្ងៃច័ន្ទ។
លោកអភិបាលក្រុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត គ្រប់ស្រទាប់វណ្ណៈ ត្រូវចូលរួមធ្វើអនាម័យសម្អាតបរិស្ថានទាំងអស់គ្នា ហើយត្រូវចេះស្រឡាញ់ បរិស្ថានស្អាត ដើម្បីទីក្រុងដែលយើងរស់នៅប្រកបទៅដោយសោភណ្ឌភាពស្រស់បំព្រង គ្មានសំរាម ឬថង់ប្លាស្ទិក ក៏ដូចជាការចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ទៅតាមគោលនយាបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថែមថា នាពេលនេះរូបលោក និងលោកប្រធាននគរបាលអន្តោរប្រវេសន៍ បានសម្រេចទិញរថយន្តសង្គ្រោះបន្ទាន់១គ្រឿង សម្រាប់ដឹកអ្នកជម្ងឺខ្មែរយើងចូលទៅកាន់មន្ទីរពេទ្យប្រទេសថៃផងដែរ។
លោក ខឹម ចិត្រា ប្រធាននគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា រូបលោក និងលោកអភិបាលក្រុងប៉ោយប៉ែត បានសម្រេចទិញរថយន្តសង្គ្រោះបន្ទាន់១គ្រឿង តម្លៃជាង២ម៉ឺនដុល្លា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ទៅព្យាបាលជម្ងឺត្រឹមមន្ទីរពេទ្យខេត្តសាកែវប៉ុណ្ណោះ ព្រោះអីភាគីថៃបាសម្រួលដល់យើងផងដែរ ។
លោកបញ្ជាក់ថា ប្រសិនជាគ្មានរថយន្តនេះគឺវាមានការយឺតយ៉ាវបន្តិចហើយ ព្រោះនៅបំពេញឯកសារយូរ ព្រោះអីអ្នកជម្ងឺមិនរង់ចាំឡើយ គឺយើងសម្រួលដល់អ្នកជម្ងឺ អោយឆ្លងដែនភ្លាម អោយតែបងប្អូនបញ្ជូនដល់មុនច្រកទ្វារ ឬមកដល់ច្រកភ្លាមគឺយើងបញ្ជូនទៅភ្លាម ហើយការបំពេញឯកសារតាមក្រោយក៏បានដែរ និងមិនទុកអោយអ្នកជម្ងឺរង់ចាំយូរទៀតឡើយ៕