(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង សហការជាមួយកម្លាំងប៉ុស្តិ៍រាំងទិល កម្លាំងផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងបរិស្ថាន កម្លាំងប្រជាការពារ និងកម្លាំងប្រជានេសាទ បានចុះដកហូត និងចាប់យកវត្ថុតាង កាណូតនេសាទខុសច្បាប់ ដែលលួចនេសាទ និងធ្វើសកម្មភាពជាប្រចាំនៅពេលយប់ ក្នុងអតីតឡូតិ៍អភិរក្សលេខ០៤ ខេត្តពោធិ៍សាត់។
ប្រតិបត្តិការចុះដកហូត និងចាប់យកវត្ថុតាងខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅផ្ទះបណ្តែតទឹករបស់ជនល្មើស ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក មាស ប៊ុនធឿន នាយផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឲ្យដឹងថាមុននេះថា កម្លាំងចម្រុះខាងលើ ធ្វើឡើងតាមបទបញ្ជា លោកវរសេនីយ៍ឯក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង ដោយចុះទៅដល់លំនៅដ្ឋានផ្ទះបណ្តែតទឹករបស់ជនល្មើសផ្ទាល់។
លោកនាយផ្នែកបន្តថា មុខសញ្ជាដែលប្រព្រឹត្តបទល្មើសសុទ្ធសឹងជាជនជាតិវៀតណាម ដែលមានការគាំទ្រពីមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត ដែលគ្រោងនឹងឡើងតួនាទីថ្មីក្នុងពេលឆាប់ៗខាងមុខ។ លោក មាស ប៊ុនធឿន បន្ថែមថា ដោយសារតែពីមុន កម្លាំងរបស់យើងមានតិច ណាមួយវិញទៀត ទីតាំងនោះមិនស្ថិតនៅផ្ទាល់ដី គឺស្ថិតនៅលើទឹក ពេលខ្លះមានរលក ខ្យល់ និងភ្លៀងខ្លាំង មធ្យោបាយកាណូតបង្ក្រាបម៉ាស៊ីនតូច ហើយពេលខ្លះជនល្មើសតែងតែធ្វើសកម្មភាពនៅពេលយប់ផងនោះ ពិបាកក្នុងការបង្ក្រាប ដែលធ្វើឲ្យជនល្មើសអាងយ៉ាងចាស់ដៃតែម្តង។
លោកនាយផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្ថែមទៀតថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០២ និង៣០នាទីរសៀលកន្លងទៅ នៅភូមិកោះកែវដដែល កម្លាំងចម្រុះបានចុះដកហូត និងចាប់យកវត្ថុតាង កាណូតស្មាច់ ប្រើប្រាស់ម៉ាស៊ីនល្បឿនលឿន បានចំនួន៦គ្រឿងរួចមកហើយ។ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ វេលាម៉ោង ០៣ និង៤៣នាទីរសៀល នៅភូមិកោះកែវដដែល កម្លាំងចម្រុះក៏បានចុះដកហូត និងចាប់យកវត្ថុតាង កាណូតស្មាច់ ប្រើប្រាស់ម៉ាស៊ីនល្បឿនលឿន បានបន្ថែមចំនួន១គ្រឿងទៀត។ ចំពោះថ្ងៃនេះផ្ទាល់តែម្តង វេលាម៉ោងខាងលើ កម្លាំងចម្រុះក៏បានចុះដកហូត និងចាប់យកវត្ថុតាង កាណូតស្មាច់ ប្រើប្រាស់ម៉ាស៊ីនល្បឿនលឿន បានចំនួន២គ្រឿងបន្ថែមទៀត រួមមាន(១-កម្មសិទ្ធរបស់ឈ្មោះ ង្វៀង យ៉ាំងហឺយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំខាងលើ ប្រភេទកាណូតសំបកស្មាច់ ព័ណ៌ជ្រួយឈើ ប្រវែង៧,៩ម៉ែត្រ ទទឹង១,២ម៉ែត្រ ជម្រៅ ០,៥ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីន៦ សាំង ម៉ាកLexis 300, ២-កម្មសិទ្ធរបស់ឈ្មោះ ង្វៀង យ៉ាំងចេន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំខាងលើ ប្រភេទកាណូតសំបកស្មាច់ ព័ណ៌ជ្រួយឈើ ប្រវែង៧,២ម៉ែត្រ ទទឹង០,៩ម៉ែត្រ ជម្រៅ ០,៤ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីន៦ សាំង ម៉ាកLexis 300 និងភ្ជាប់ដោយសាច់យ៉ាំងកាវ ១វង់ ប្រើដោយខ្សែភ្លើងឆក់យកត្រី)
លោក មាស ប៊ុនធឿន ឲ្យដឹងបន្ថែមទៀតថា នៅពេលកម្លាំងចម្រុះទៅដល់ ក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្តែង ជនល្មើសតែងតែតស៊ូប្រឆាំងលុះក្ស័យ ដោយពេលខ្លះជនល្មើសបានប្រើកាំបិត និងអាវុធកែច្នៃ រហូតមានការរបួសស្នាមដល់កងកម្លាំងរបស់យើងផងដែរ។ តែក្នុងប្រតិបត្តិការចុះដកហូត និងចាប់យកវត្ថុតាងខាងលើ ដល់លំនៅដ្ឋាន ដោយកម្លាំងរបស់យើងមានច្រើន ជនល្មើសបានតស៊ូប្រឆាំងដែរ តែមើលទៅប្រហែលជាទៅពុំរួច ក៏មុជទឹកគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើ កម្លាំងសមត្ថកិច្ចបានចាប់យក និងដកហូត មករក្សាទុក និងកសាងសំណុំរឿងស្វែងរកជនល្មើសចាត់ការតាមនីតិវិធីបន្ត៕