(រតនគិរី)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការប្រែប្រួលអាកាសធាតុ សម្រាប់យុវជនខេត្តរតនគិរី។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសណ្ឋាគាររតនៈស៊ីធី ទីរួមក្រុងបានលុងដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីលោកបណ្ឌិត ជួប ប៉ារីស អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងលោក មួង ប៉ាង អភិបាលរងខេត្តតំណាងលោកអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសិក្ខាកាមជា យុវជន ស.ស.យ.កខេត្ត ស.យ.ស.ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ និងសិស្សានុសិស្សប្រមាណជិត២០០នាក់។
សិក្ខាសាលានេះធ្វើឡើងរយៈពេលពីរថ្ងៃ ក្នុងគោលបំណងបង្កើនចំណេះដឹងស្តីពី ការប្រែប្រួលអាកាសធាតុដែលរួមមាន មូលហេតុ ផលប៉ះពាល់ ការឆ្លើយតបថ្នាក់ជាតិ និងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ក្នុងអង្គសិក្ខាសាលានេះលោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ការប្រែប្រួលអាកាសធាតុគឺគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ នាពេលបច្ចុប្បន្ន និងអនាគតដល់មនុស្សជាតិ ទូទាំងពិភពលោក។
ប្រទេសនានាទូទាំងពិភពលោកក៏ដូចប្រទេសកម្ពុជា បានជួបប្រទះនូវបាតុភូតធម្មជាតិ មិនប្រក្រតីកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើងៗដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះសង្ឃរា រលកកម្តៅ។ល។ នៅឆ្នាំ២០១៨ កម្ពុជាបានទទួលរងឥទ្ធិពលឡានីណា ធ្វើឲ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបញ្ហាទាំងនេះបង្កនូវផលប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យកសិកម្មហេដ្ឋារចនាសម្ព័ន្ធសុខភាពមនុស្ស សត្វ ប្រភពទឹកប្រើប្រាស់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសនៅតំបន់ជនបទ។ ដូច្នេះយើងមិនអាចនៅស្ងៀម ឬរង់ចាំមិនធ្វើសកម្មភាពទៀតឡើយ យើងទាំងអស់គ្នាចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់ឆ្លើយតបឲ្យទាន់ពេលវេលា។
លោកអភិបាលរងខេត្តបន្តថាសិក្ខាសាលាបណ្តុះបណ្តាលថ្ងៃនេះនឹងជួយផ្តល់នូវចំណេះដឹងជាមូលដ្ឋានជូនសិក្ខាអំពីមូលហេតុផលប៉ះពាល់និងដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនិងយុទ្ធសាស្ត្រនិងផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដើម្បីសិក្ខាទាំងអស់បានយល់ដឹងឲ្យកាន់តែច្បាស់ក៏ដូចជា ការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការប្រចាំថ្ងៃផ្ទាល់ខ្លួន និងផែនការសកម្មភាពរបស់ស្ថាប័នរបស់ខ្លួនផងដែរ៕