(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩របស់ចិន ដឹកនាំដោយឧត្ដមសេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xiang) នាយរងសេនាធិការកងទ័ពជើងគោក តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។
នៅក្នុងកិច្ចសំណេះសំណាលខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឧត្ដមសេនីយ៍ជាច្រើនរូប ដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការមួយចំនួន ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
សូមជម្រាបជូនថា សមយុទ្ធនាគមាសឆ្នាំ២០១៩ ដែលជាលំហាត់ហ្វឹកហ្វឺនរួមគ្នា មិត្តភាពកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើកិច្ចការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម និងរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ នឹងប្រារព្ធពិធីបើកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕