(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបង្ហាញនូវការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុប ក្នុងការដកការអនុគ្រោះពន្ធលើអង្ករកម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក George Edgar ក្នុងឱកាសដែលលោកចូលជួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីជម្រាបលា ដោយលោកឯកអគ្គរដ្ឋទូត នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Facebook លោករដ្ឋមន្ត្រី វេង សាខុន។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា «ឯកឧត្តមឯកអគ្គរដ្ឋទូតក៏សោកស្ដាយ ចំពោះការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុបផងដែរ ក្នុងការដកការអនុគ្រោះពន្ធលើអង្ករកម្ពុជា ដែលការសម្រេចចិត្តនេះ គឺដើម្បីជួយដល់កសិករនៅអឺរ៉ុប បង្កើនលទ្ធភាពក្នុងការប្រកួតប្រជែង នៅក្នុងទីផ្សារអឺរ៉ុប»។
លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯលោករដ្ឋមន្ត្រី និងសហការីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មនាពេលកន្លងមក ហើយពេញចិត្តចំពោះពេលវេលាដ៏មានតម្លៃ ដែលលោកឯកអគ្គរដ្ឋទូតបានរួមដំណើរជាមួយ លោករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំ ក៏ដូចជាចុះទៅមូលដ្ឋានដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្ដ និងលទ្ធផលគម្រោងនានា ដែលបានការឧបត្ថម្ភ គាំទ្រពីសហគមន៍អឺរ៉ុប។
ក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហគមន៍អឺរ៉ុបដែលបាន នឹងបន្តជួយគាំទ្រយ៉ាងល្អប្រសើរ ដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើអនុវិស័យជលផល អនុវិស័យព្រៃឈើ និងផលិតកម្មសត្វ និងសុខភាពសត្វ ដែលសហគមន៍អឺរ៉ុប បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍអនុវិស័យទាំងនេះ ប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព។
លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា សហគមន៍អឺរ៉ុបនឹងបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយប្រទេសទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។
សូមបញ្ជាក់ថា ថ្មីៗនេះសហគមន៍អឺរ៉ុបបានឯកភាព ក្នុងការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ៨៧លានអឺរ៉ូដល់ភាគីកម្ពុជា សម្រាប់អភិវឌ្ឍអនុវិស័យជលផល ដែលគម្រោងនេះមានឈ្មោះថា CAPFISH - CAPTURE ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ តាមរយៈភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ក៏បានជួយគាំទ្រដល់អនុវិស័យនេះផងដែរ ដែលមានទឹកប្រាក់២៥លានអឺរ៉ូ សំដៅដល់ការអភិវឌ្ឍ និងជំរុញវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។
ជំនួបនៅសៀលនេះ បានផ្តោតជាសំខាន់លើការបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍អឺរ៉ុបលើការអភិវឌ្ឍ និងអភិរក្សអនុវិស័យជលផល និងអនុវិស័យព្រៃឈើ។ ចំពោះអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ភាគីទាំងពីរបានឯកភាព ក្នុងការររៀបចំគម្រោងស្នើសុំការគាំទ្រ ទៅសហគមន៍អឺរ៉ុប ដែលគោលដៅចំបងនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ និងជម្រុញការបង្កាត់ពូជសប្បនិម្មិតពូជគោដែលកំពុងមានសក្តានុពលលើទីផ្សារ ហើយក៏ជាប្រភពចំណូលដ៏ខ្ពស់ សម្រាប់ប្រជាកសិករនៅមូលដ្ឋាន៕