(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការសមយុទ្ធនាគមាស ២០១៩ សម្រេចបានជោគជ័យ និងទទួលបានលទ្ធផលល្អ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការធ្វើសមយុទ្ធនាគមាស២០១៩ បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព ដែលចូលរួមធ្វើសមយុទ្ធ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ ទាំងការសហការ សាមគ្គីគ្នា ការគោរពវិន័យ សេចក្តីថ្លៃថ្នូរ ជាពិសេសការធានាសុវត្ថិភាពក្នុងពេលសមយុទ្ធ ព្រមទាំងដកបទពិសោធន៍ពីគ្នា បានច្បាស់លាស់ នូវរាល់ខ្លីមសារដែលបានដាក់ចេញ។
ការផ្តាំផ្ញើរបស់មេទ័ពជាន់ខ្ពស់កម្ពុជារូបនេះ បានធ្វើឡើងនៅទីទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យទីតាំងរៀបចំធ្វើសមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដែលគ្រោងនឹងបើកជាផ្លូវការ នៅថ្ងៃទី១៣ មីនាខាងមុខនេះ ស្ថិតនៅទីលានបាញ់គ្រាប់ពិត តេជោសែន ជុំគិរី ដែលស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
ការចុះត្រួតពិនិត្យនេះ ក៏មានការអមដំណើរដោយ នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកាំភ្លើងធំ ព្រមទាំងមេបញ្ជាការកងទ័ពជំនាញរថក្រោះ វិស្វកម្ម វិទ្យុទាក់ទង កងទ័ពជើងអាកាស កងរាជអាវុធហត្ថ ក្រុមការងារធានា កងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ រួមនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិន នឹងព្រឹត្តទៅក្រោមរបៀបវរៈ «ប្រឆាំងភេរវកម្ម និងផ្នែកការងារមនុស្សធម៌» ហើយសមយុទ្ធនេះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នានោះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ទីតាំងហ្វឹកហ្វឺននាគមាស ត្រូវបានកងពលតូចលេខ៧០ ធ្វើសកម្មភាព រៀបចំកសាងទីលាន រួមនឹងការស្ថាបនាអគារស្នាក់នៅ ប្រព័ន្ធផ្លូវចល័ត និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនទៀត បានរួចរាល់ជាស្ថាពរហើយ ដើម្បីបម្រើឱ្យសកម្មភាពសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩នេះ៕