(កំពត)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជឹង ផល្លា អភិបាលរងខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត។

ជាមួយគ្នានេះផងដែរ ក៏មានការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត។ ក្នុងអង្គសន្និបាត ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរគណៈអធិបតី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ លោកស្នងការរង លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំង ៨ អស់លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង ៨ លោកមេបញ្ជាការវរៈសេនាតូចលេខ ៦០១ និងលោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន២៧៧នាក់។

ដោយឡែក ការប្រកាសផ្ទេរភារកិច្ច រួមមាន៖
*ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន៣៣នាក់
*បំពាក់ឋានន្តរស័ក្តិចំនួន២៨នាក់
*ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៦នាក់
*ថ្នាក់វរសេនីយ៍ឯក ចំនួន៣នាក់
*ថ្នាក់វរសេនីយ៍ទោ ចំនួន១១នាក់
*ថ្នាក់វរសេនីយ៍ត្រី ចំនួន៤នាក់
*ថ្នាក់អនុសេនីយ៍ឯក ចំនួន២នាក់
*ថ្នាក់អនុសេនីយ៍ទោ ចំនួន២នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ថោង លីម ​បានមានមតិផ្តាំផ្ញើ និងអបអរសាទរចំពោះមន្ដ្រីនគរបាលទាំងអស់ ដែលបានទទួលប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មីនាពេនេះ ព្រមទាំងជំរុញឲ្យបន្ដខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ ការងារព្រហ្មទណ្ឌ គ្រឿងញៀន អប់រំមន្រ្តីប៉ុស្តិ៍ ដែលមានការខ្វះខាត និងខិតខំអនុវត្ត​ការងារតាមជំនាញមួយៗ ឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់។ លោកក៏បានណែនាំកម្លាំងនគរបាលទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍នានា ដែលឡើងក្នុងមូលដ្ឋានឲ្យបាន ហើយបើមានស្ថានភាពអ្វីកើតឡើងត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។

ជាមួយគ្នានេះ លោកបានដាក់បទបញ្ជាឲ្យមន្ដ្រីក្រោមឱវាទ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ៕