(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងខេត្តឧត្តរមានជ័យលើកទី២៧។
ក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញពីថ្នាក់ដឹកនាំក្រសួង មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្តសាសនា និងមន្ត្រីរាជការក្រោមឱវាទមន្ទីរធម្មការ និងសាសនាខេត្ត សរុបជិត៥០០ អង្គ/នាក់ នៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ។
ស្ថិតក្នុងបរិយាកាសនោះផងដែរ ទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ដោយស្មោះនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិកទាំងអស់ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមគ្នា ទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យ មានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើង។
ឆ្លៀតក្នុងឱកាសនោះ ទេសេដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដល់អង្គពិធីទាំងដោយសេចក្តីនឹករលឹកបំផុត។
ស្ថិតក្នុងខណៈនោះទេសរដ្ឋមន្ត្រី មានសេចក្តីរីករាយ ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជនរួមសាមគ្គី ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេច ព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ។ នៅតាមទីវត្តអារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លា បានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យ និងបានជួយអប់រំកូនចៅ ឲ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។
ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ស្របទៅនឹងការរីកចម្រើនទាំងនេះក៏យើងនៅមានបញ្ហាមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយដោយឈរលើទស្សនៈថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។
នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ក៏បានមានមតិផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ នៅឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ «ថ្ងៃនេះនឹងថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍»៕