(បន្ទាយមានជ័យ)៖ គ្រួសារយោធិនពិការ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ទទួលបានអណ្តូងទឹកចំនួន១០ និងប្រជាពលរដ្ឋនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ទទួលបានចំនួន២ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី៩ ខែមីនា ២០១៩ ដែលជាអំណោយមូលនីធិ មាតា បិតា សម្តេចតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសនៅរដូវទឹកអំណត់នេះ។
ជាក់ស្តែង នៅក្នុងឱកាសនោះយើងឃើញថា ប្រជាពលរដ្ឋនៅក្នុងស្រុកទាំង២ខាងលើនេះ ពិតជាមានក្តីរំភើប សប្បាយរីករាយ លាយឡំនឹងទឹកភ្នែក ដោយទទួលបានអណ្តូងទឹកស្អាត ជាលើកទី២ ពីលោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំរាប់ជួយសម្រួលដល់ជីវភាពគ្រួសារ។
ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អណ្តូងទឹកស្អាត ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកខាងលើ លោកស្រីប្រធានមូលនីធិអណ្តូងទឹកស្អាត បានឲ្យដឹងថា ដោយមើលឃើញតំបន់នេះ មានការខ្វះខាត់ទឹកស្អាតប្រើប្រាស់ ពិសេសនៅរដូវប្រាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យក្រុមការងារធ្វើជូនលោកយាយ លោកតា និងគ្រួសារយោធិនពិការនៅទីនេះ បានប្រើប្រាស់តាមតម្រូវការ។
លោកស្រីឲ្យដឹងថា អ្វីដែលពិសេសនៅក្នុង ឃុំស្វាយចេក ស្រុកស្វាយចេកនេះ គឺភាគច្រើនជាអតីតយោធិន ដែលបានពលីជីវិត ការពារទឹកដីនៅតំបន់នេះ កាលពីសម័យសង្រ្គាម។ ហេតុដូច្នេះហើយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកទាំងពីរតែងតែគិតគូពីសុខទុក្ខ និងជីវភាពរបស់បងប្អូនយោធិនពិការនៅទីនេះជានិច្ច ដោយមិនទុកនរណាម្នាក់ចោល។
លោកស្រីប្រធានមូលនីធិអណ្តូងទឹកស្អាតបន្តថា ដើម្បីឆ្លើយតបនិងតម្រូវការជាក់ស្តែង របស់គ្រួសារយោធិនពិការ និងប្រជាពលរដ្ឋនៅទីនេះ លោកស្រីបានចាត់អោយក្រុមការងារ ចុះមកធ្វើអណ្តូងថែមជូនជាលើកទី២ តាមតម្រូវការ ដោយក្នុងនោះមានអណ្តូងលោកតា ហ៊ុន នាង លោកយាយ ឌី ប៉ុក ចំនួន៧អណ្តូង និងអណ្តូងលោកយាយ ប៊ុន ស៊ាងលី លោកតា លីន គ្រី ចំនួន៥អណ្តូង។
គ្រួសារយោធិពិការ និងប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើ បានសំដែងនូវក្ដីសប្បាយត្រេកអរជាពន់ពេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះម្ចាស់អណ្តូង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរ តែងគិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីសទី។
សូមជម្រាបថា ក្នុងឱកាសនោះដែរ លោកស្រីប្រធានមូលនីធិ ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) មកពិនិត្យពិគ្រោះ និងផ្តល់ថ្នាំសង្កូវព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ រីឯអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកភ្នំពេញដើម្បីព្យាបាល រាល់ការចំណាយទាំងអស់គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អណ្ដូងទឹកស្អាតដែលជាអំណោយដ៏ថ្លៃថ្លារបស់មាតាបិតាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប្រមាណជិត៧០០ លោកនឹងធ្វើការប្រគល់ជាផ្លូវការជាង៥០០អណ្ដូង។ ហើយក្រុមការងារនៃមូលនិធិអណ្ដូងទឹកស្អាតនេះ នឹងបន្តសាងសង់អណ្តូងជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលមួយចំនួនទៀត៕