(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសថា ក្រុងព្រះសីហនុ គឺជាទីក្រុងអច្ឆរិយៈមួយ នៅតំបន់ឆ្នេរសមុទ្រ ដែលមានការអភិវឌ្ឍ ក្នុងសន្ទុះមួយគួរឱ្យស្ងប់ស្វែង។ ជាមួយគ្នានេះ លោកចាត់ទុកថា វឌ្ឍនភាពក្រុងព្រះសីហនុ យ៉ាងឆាប់រហ័សបែបនេះ មិនត្រឹមតែជាមោទនភាពរបស់កម្ពុជាទេ ប៉ុន្តែជាថាមពលរបស់អាស៊ានផងដែរ។
ក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា បាតុភូតនៃការអភិវឌ្ឍដៃគូកម្ពុជា-ចិននេះ គឺបង្ហាញជាក់ស្តែងនូវជំនឿរបស់អ្នកវិនិយោគជាដៃគូរទាំងជាតិ និងអន្តរជាតិ ដែលការវាយតម្លៃខ្ពស់លើសមត្ថភាពរបស់ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចបន្តពង្រឹងប្រសិទ្ធភាព ដើម្បីសន្តិភាព ស្ថិរភាព បរិយាកាសនយោបាយល្អ និងថាមពល ដែលអនុគ្រោះដល់បរិយាកាសបណ្តាក់ទុន និងពាណិជ្ជកម្មសេរី។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «វឌ្ឍនភាពក្រុងព្រះសីហនុ មិនត្រឹមតែជាមោទនភាព នៃវិបុលភាពរបស់កម្ពុជា ដែលជាដៃគូជាមួយចិននោះទេ ក៏ប៉ុន្តែថែមទាំងជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានផងដែរ។ ដូចនេះក្រុង និងខេត្តព្រះសីហនុ រួមជាមួយនឹងបណ្តាខេត្តនានា នៅតាមឆ្នេរសមុទ្រ គឺជាទិសដៅពិតប្រាកដនៃ "មិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍៗ រួមជាមួយការរស់នៅដ៏សុខក្សេមក្សាន្ត និងឱកាសរីកចម្រើនដែលជាជម្រើសដ៏ឧត្តុងឧត្តម របស់ប្រជាពលរដ្ឋខ្មែរទាំងមូល»។
លោក ផៃ ស៊ីផាន បានបន្តថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ មិនត្រឹមតែជាទិសដៅទេសចរណ៍ និងឧស្សាហកម្មផ្សេងៗ ឬ កម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែឱកាសទីផ្សារថ្មីបន្ថែមទៀត ចំពោះកសិករ ពលករ ពាណិជ្ជករ និងសេវាកម្ម ជាច្រើន និងកើនឡើងបន្ថែមទៀត ទាំងបរិមាណ និងគុណភាព នាពេលអនាគតដ៏ខ្លី។ ទីក្រុងជាប់សមុទ្រនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងក្លាយជាទីក្រុងទំនើប ក្នុងវិស័យពាណិជ្ជកម្ម ហរិញ្ញវត្ថុ និងឧស្សាហកម្មដូចបណ្ដាទីក្រុងអន្តរជាតិដទៃទៀតនៅតាមឆ្នេរសមុទ្រ ដែលនឹងចូលរួមចំណែក សកម្មភាព ប្រកបដោយឥទ្ធិពល និងផូរផង់នៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ក្នុងបរិបទពាណិជ្ជកម្មសេរី និងតម្លៃមនុស្សជាតិ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៖