(ភ្នំពេញ)៖ ក្រោយបញ្ចប់រាត្រីបាយសាមគ្គី ជួយសង្គមបណ្តាញក្រុមសារព័ត៌មាន ពិធីករ ពិធីការវិទ្យុ និងឌីជេ បានពិភាក្សាគ្នា និងយកថវិកាដែលប្រមូលបាន ជួយដល់មន្ទីរពេទ្យទន្លេ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលើផ្ទៃទន្លេសាបតែប៉ុណ្ណោះ ដែលមានស្នាក់ការក្រុមទី៦ ភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នករៀបចំកម្មវិធីនេះឡើង បានឲ្យដឹងថា កម្មវិធី DJ party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និងDj មួយក្រុមតូច បង្កើតក្នុងគោលបំណងធំៗ ចំនួន៤៖
១៖ ចង់ឲ្យមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក
២៖ ផ្លាសប្តូរបទពិសោធន៍គ្នាទៅវិញទៅមក អំពីអាជីពការងារ
៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា
៤៖ ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យ មួយចំនួនផ្សេងទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាប មានសមាជិកពេទ្យ១៨នាក់ ដោយក្នុងមួយឆ្នាំ មានអ្នកជំងឺប្រមាណ២៥,៣០៥នាក់ កុមារ១១,៦៩២ ទទួលបានការព្យាបាល។
លោក តូម៉ាតូ អ្នកសម្របសម្រួលកម្មវិធី និងជាអ្នកយកព័ត៌មានមួយរូប បានប្រាប់ឲ្យដឹងថា ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសំដែង តារាចម្រៀង ជាច្រើននាក់ ក្នុងកម្ពុជា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកឲ្យគ្នា ទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នា និងគ្នា ជាពិសេសប្រមូលថវិកា ចូលរួមជួយការងារសង្គម។
លោក តូម៉ាតូ បានប្រាប់ថា កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាព ជោគជ័យយ៉ាងខ្លាំង តាមរយៈការផ្សារភ្ជាប់មិត្តវាង DJ ក្លឹប និង DJ ក្លឹប ពិធីករវិទ្យុ និងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ៕