(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន បានចំនួន២ករណីធំៗ ដោយក្នុងនោះ ឃាត់ខ្លួនជនល្មើសបានចំនួន៣នាក់ និងរឹបអូសគ្រឿងញៀនបានជិត១.៥គីឡូក្រាម និងវត្ថុតាងមួយចំនួនធំ។
ការចុះប្រតិបត្តិការបង្ក្រាប ខាងលើនេះ ក្រោមការដឹកនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនគ្រឿងញៀន និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ ចំនួន២ ការិយាល័យ (ក៥-ក៨) ចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ឲ្យដឹងថា ជាលទ្ធផលសម្រេចបាន ក្នុងការចុះបង្ក្រាបគ្រឿងញៀន ទាំង២ករណីនេះ រួមមាន៖
ករណីទី១៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
លទ្ធផល៖ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ ភុំ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។ រឹបអូសវត្ថុតាងរួមមាន៖ គ្រឿងញៀន ក្រាមប្រភេទមេតំហ្វេតាមីន (ICE) ១កញ្ចាប់ធំ ស្មើទម្ងន់៩៦០.២៦ក្រាម។
ករណីទី២៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង២១៖២៥នាទី កម្លាំងជំនាញ «ក៨» នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ញើម៉ូតូខនដូ (ឌឹប្រាយ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (កោះពេជ)
លទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ តាំង ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ សេង វណ្ណណូ ភេទប្រុស កើត១៩៩២ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ រឹបអូសវត្ថុតាង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២០២.០២ក្រាម កេតាមីន (Ketamine) ០.១៩ក្រាម អ៊ិចស្តាស៊ី (MDMA) ០.២៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕