(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិសហជីពកម្ពុជា ទៅធ្វើទស្សនកិច្ច១សប្តាហ៍នៅប្រទេសឡាវ។

លោក សោម អូន បានឲ្យដឹងថា យោងតាមការអញ្ជើញរបស់សហព័ន្ធសហជីពឡាវ (LFTU) លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាចំនួន៥រូប ទៅធ្វើទស្សនកិច្ចផ្លូវការ រយៈពេលជិត១សប្តាហ៍នៅប្រទេសឡាវ ដើម្បីរឹតចំណងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។

លោក សោម អូន បានបន្ថែមថា យោងតាមកម្មវិធីរបស់សហជីពឡាវ នឹងមានជំនួបពិភាក្សាការងារទ្វេរភាគីជាមួយថ្នាក់ដឹកនាំសហជីពឡាវ និងជំនួបសំដែងការគួរសមជាមួយឥស្សរជននយោបាយ និងទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុនមួយចំនួននៅក្នុងទីក្រុង-ខេត្តនៃប្រទេសឡាវ។

លោក សោម អូន សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងទទួលបាននូវលទ្ឋផលជាផ្លែផ្កា សម្រាប់សហជីពនៃប្រទេសទាំង២៕