(ភ្នំពេញ)៖ មានករណីអគ្គិភ័យមួយបានកើតឡើង នៅត្រង់ចំណុចផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលបានបំផ្លាញផ្ទះមួយខ្នង និងរោងស្នាក់នៅរបស់កម្មករមួយផងដែរ គិតជាទឹកប្រាក់នៃខូចខាតអស់ជិត៤ម៉ឺនដុល្លារអាមេរិក។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង០២៖៣០នាទីទាបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយបានរលត់ទៅវិញទាំងស្រុងនៅម៉ោង០៣៖២០នាទី ក្រោយមានកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីអាជ្ញាធរ និងសមត្ថកិច្ច។
បើតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ដែលផ្ញើជូនលោក ជា ពិសី អភិបាលខណ្ឌ បានបញ្ជាក់ថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ នូវពុំទាន់ដឹងពីមូលហេតុនោះទេ និងកំពុងស្រាវជ្រាវជាបន្ដបន្ទាប់តាមនីតិវិធី។
លោកអធិការបានបញ្ជាក់ថា អគ្គិភ័យបានបំផ្លាញផ្ទះសង់ពីឈើប្រក់ស័ង្កសី ចំនួន០១ខ្នង មានទំហំ១៤ម៉ែត្រ គុណ០៨ម៉ែត្រ និងរោងកម្មករស្នាក់នៅ ទំហំ២ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី មានម្ចាស់ផ្ទះឈ្មោះ សាន សុខជា អាយុ៦៩ឆ្នាំ ដែលបានជួលផ្ទះបន្តឲ្យឈ្មោះ ឡេ យ៊ាំងតុង អាយុ៥៥ឆ្នាំ មួយចំហៀង បណ្ដាលឲ្យរងការខូចខាត ម៉ូតូសង់កូរ៉េចាស់០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនក្នុងផ្ទះ។
គ្រោះអគ្គិភ័យនេះ ពុំបានឆាបឆេះរីករាលដាលឆ្លងជាទ្រុងទ្រាយធំឡើយ ដោយមានកិច្ចអន្តរាគមន៍ទាន់ពេលពីរថយន្ដរបស់ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ ដើម្បីបាញ់ពន្លត់ជាបន្តបន្ទាប់ចំនួន០៦គ្រឿង ក្នុងនោះរថយន្ដរដ្ឋខណ្ឌឫស្សីកែវ០១គ្រឿង និងបានរលត់ទៅវិញទាំងស្រុង ក្នុងពេលកន្លះម៉ោងក្រោយ ដែលមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕