(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានសំដែងដោយការរំពឹងទុកថា ក្នុងឆ្នាំ២០១៩នេះ ការផលិតស្រូវសរីរាង្គរបស់ប្រជាសហគមន៍លក់ជូន ក្រុមហ៊ុនតាមកិច្ចសន្យា និងមានការកើនឡើង។ ទន្ទឹមនឹងនោះដែរលោក អ៊ុន ចាន់ដា ក៏បានសំណូមពរឲ្យបងប្អូនប្រជាសហគមទាំងអស់ ត្រូវផលិតស្រូវសរីរាង្គ ដោយភាពស្មោះត្រង់។
ការលើកឡើងរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងក្នុងពិធីចុះអនុសារណៈយោគយល់គ្នា និងកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌី នៅមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធិផល នៃកិច្ចសន្យាផលិតកម្ម កសិកម្មស្រូវសរីរាង្គ ដែលសហភាពសហគមន៍កសិកម្ម និងសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ បានផ្គត់ផ្គង់ជូនក្រុមហ៊ុននានា នាំចេញទទួលបានលទ្ធផល ល្អប្រសើរ។
លោកថា ជាក់ស្តែង ក្នុងឆ្នាំ២០១៨កន្លងមកនេះ មានសហគមន៍កសិកម្មចំនួន៣៤ ដែលមានសមាជិក ជាអ្នកផលិតប្រមាណ៥,០០០គ្រួសារ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ឲ្យក្រុមហ៊ុននាំចេញ ក្នុងបរិមាណជិត១២,០០០តោន។
ដោយឡែក ក្នុងឆ្នាំ២០១៩នេះ ដោយមានការកើនឡើង ចំនួនកសិករផលិត ដោយសារក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌី ដែលនិងចុះកិច្ចសន្យាទិញស្រូវសរីរាង្គ ពីសហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យនោះ លោក អ៊ុន ចាន់ដា បានសំដែងនូវការរំពឹងទុកថា សហគមន៍កសិកម្មទាំងអស់ និងអាចផ្គត់ផ្គង់ស្រូវសរីរាង្គ បានកើនឡើងដល់ពី១៥,០០០តោន ទៅ២០,០០០តោន។
ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌី ក៏ដូចជាដៃគូរអភិវឌ្ឋន៍ទាំងអស់ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងខេត្តព្រះវិហារគ្រប់កាលៈទេសៈ។
លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តនូវប្រពៃណីល្អផូរផង់តទៅទៀត ដើម្បីចូលរួចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋឲ្យបានជាអតិបរិមា តាមទិសដៅអភិវឌ្ឍន៍ សហសវត្តនៅកម្ពុជា ក៏ដូចជាគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានថ្លែងថា បច្ចុប្បន្ននេះ ខេត្តព្រះវិហារមានសហគមន៍កសិកម្ម ចំនួន៤៣សហគមន៍ ដែលមានការសម្របសម្រួល ដោយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលស្គាល់ ជាសហគមន៍កសិកម្មស្របច្បាប់ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ សហគមន៍កសិកម្មទូទាំងខេត្ត មានសមាជិកសរុប៩,២៨៥នាក់៕