(សេអ៊ូល)៖ យោងតាមសេចក្តីប្រកាសពីវិមានប្រធានាធិបតីកូរ៉េខាងតបូង លោក មូន ជែអ៉ីន បំពេញដំណើរទស្សនកិច្ចមកកាន់បណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួនបី គឺប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី និងកម្ពុជា ដែលជាទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោក សម្រាប់ឆ្នាំ២០១៩ មានពេល០៧ថ្ងៃចាប់ពីថ្ងៃទី១០-១៦ ខែមីនា ។
ជាកិច្ចចាប់ផ្តើម លោក មូន នឹងទស្សនកិច្ចនៅប្រ៊ុយណេ ពីថ្ងៃទី១០ដល់ទី១២ ខែមីនា។ កំឡុងពេលនោះលោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយព្រះចៅស៊ូលតង់ Hassanal Bolkiah ហើយលោកក៏នឹងធ្វើការប្រឹក្សាយោបល់ជាមួយថ្នាកដឹកនាំប្រ៊ុយណេផងដែរ ដែលបច្ចុប្បន្នមានតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កូរ៉េ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកូរ៉េ-អាស៊ាន ដោយមួយផ្នែកគឺតាមរយៈភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំទំនាក់ទំនងភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ។
ចាប់ពីថ្ងៃទី១២-១៤ ខែមីនា លោក មូន នឹងទៅទស្សនកិច្ចនៅម៉ាឡេស៊ី ជាទីដែលលោកនឹងត្រូវជួបពិភាក្សាជាមួយព្រះចៅស៊ូលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Abdullah Sultan Ahmad Shah) និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ (Mahathir Mohamad) ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមកនេះ តាមរយៈចំណងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ នៅមុនគម្រប់ខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាឆ្នាំក្រោយ ហើយក៏នឹងកិច្ចការជជែកពីវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្លឹងឆ្ពោះទៅរកអនាគតផងដែរ។
ដំណើរចុងក្រោយនៃទស្សនកិច្ចរបស់លោក, ប្រធានាធិបតី មូន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាពីថ្ងៃទី១៤-១៦ ខែមីនា ព្រមទាំងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (Norodom Sihamoni) និងជួបពិភាក្សាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្លាស់ប្តូរយោបល់ថា តើត្រូវធ្វើយ៉ាងដូចម្ដេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីភាពរុងរឿងទៅវិញទៅមកនៃប្រទេសទាំងពីរ។
គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍ ពីវិមានប្រធានាធិបតីកូរ៉េខាងត្បូងទៀតថា ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី និងកម្ពុជា គឺជាដៃគូសហការដ៏សំខាន់នៃគោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy) ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលៗ នៃរដ្ឋាភិបាលកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី មូន ត្រូវបានរំពឹងថានឹងពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតទេ្វភាគីជាមួយនឹងបណ្ដាប្រទេសទាំងនេះ។
បន្ថែមពីលើនេះ ដំណើរទស្សនកិច្ចនេះនឹងជួយក្នុងការបង្កើតមូលដ្ឋានសម្រាប់សន្តិភាព និងភាពរុងរឿងរបស់ប្រជាជននៅតាមតំបន់នីមួយៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគមអាស៊ាន ក្រោមគោលនយោបាយ New Southern Policy។ វាក៏ត្រូវបានគេរំពឹងផងដែរថា នឹងជួយពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសម្រាប់ភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន ដែលនឹងត្រូវប្រព្រឹត្តទៅនៅលើទឹកដីកូរ៉េខាងត្បូង នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ៕