(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៦២,៧៥០ដុល្លារអាមេរិក ដល់អង្គការចំនួន២របស់ខ្លួន សម្រាប់គម្រោងអភិវឌ្ឍមួយចំនួននៅខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ។ ពិធីចុះហត្ថលេខា នឹងរៀបចំធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៣៖០០រសៀល នៅសាលប្រជុំធំស្ថានទូតជប៉ុន។
បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតជប៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កិច្ចសន្យាផ្តល់ជំនួយ នឹងត្រូវចុះហត្ថលេខាដោយ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធនៅស្ថានទូតជប៉ុន។
ស្ថានទូតជប៉ុន បានបន្ថែមទៀតថា ជំនួយជាង២៦ម៉ឺនដុល្លារ ខាងលើនេះ នឹងយកទៅចាត់ចែងការងារ ចំនួន៣កន្លែងរួមមាន៖
១៖ ថវិកាចំនួន ៨៩,១១២ដុល្លារអាមេរិក សម្រាប់គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រអូរស្នូក។ អង្គភាពទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ
២៖ ថវិកាចំនួន៨៨,៩៣៥ដុល្លារអាមេរិក សម្រាប់គម្រោងស្តារឡើងវិញ ប្រព័ន្ធធារាសាស្រ្តបឹងខ្ញុំ។ អង្គភាពទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង
៣៖ ថវិកាចំនួន៨៤,៧០៣ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីក បន្ថែមបរិក្ខាសាលារៀន និងតំឡើងសម្ភារបណ្តុះបណ្តាល។ អង្គភាពទទួលជំនួយ៖ វិទ្យាសាស្ត្រពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបង៕