(បន្ទាយមានជ័យ)៖ ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើយោធិនពិការជាងគេ ព្រោះលោកក៏ជាយោធិនពិការមួយរូបផងដែរ។ សម្តេចពិការភ្នែកក្នុងសមរភូមិរំដោះប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងមកដល់ពេលនេះ អំបែងគ្រាប់នៅសល់ក្នុងខ្លួនលោកនៅឡើយទេ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិ អញ្ជើញចុះសួរសុខទុក្ខយោធិនពិការ និងកងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ទាំងនេះ ជាការតបស្នងដល់ការលះបង់ របស់អតីតយុទ្ធជន និងជនពិការ ដែលបានលះបងពលីកម្មគ្រប់បែបយ៉ាង ដើម្បីប្តូរយកសន្តិភាពមកជូនប្រជាជន ដូចសព្វថ្ងៃនេះ លះបង់មិនឲ្យយោធិនយើងសម្លាប់ខ្មែរគ្នាឯងទៀត តែហ្វឹកហ្វឺន ដើម្បីការពារជាតិប្រឆាំងការឈ្លានពាន។ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើយោធិនពិការជាងគេ ព្រោះលោកក៏ជាយោធិនពិការ មួយរូបផងដែរ សម្តេចពិការភ្នែក ក្នុងសមរភូមិរំដោះប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងមកដល់ពេលនេះ អំបែងគ្រាប់នៅសល់ក្នុងខ្លួនលោកនៅឡើយទេ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ និងថា្នក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ដែលជាការយកចិត្ត ទុកដាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលលោកតែងតែគិតគូរពីកងទ័ព មិនថាអតីតយុទ្ធជន ឬជនពិការនោះទេ លោកបានខិតខំគៀងគរ ក៏ដូចជាការ ដាក់ចេញនូវយន្តការ ដើម្បីជួយដល់យោធិន គ្រួសារយោធិន និងយោធិនពលីមរណៈ ពិការ អតីតយុវជន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរ ដល់មណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧ភ្នំឆ័ត្រ ដែលបានខិតខំ និងកសាងសមិទ្ធផលជាច្រើន។ នេះគឺជាលើកទី២ ដែលបានមកដល់មណ្ឌលអភិវឌ្ឍន៍៣១៧ ភ្នំឆ័ត្រ ដែលមានភាពខុសប្លែកគ្នាខ្លាំង ដែលពីមុននោះមិនទាន់មានការរីកចម្រើន ទាំងអាគារ ហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់មាន ដីមួយចំនួននៅជាចំការមីននៅឡើយ នេះជាការប្រឹងប្រែងពីប្រធានមណ្ឌល និងផ្នែកដែលពាក់ព័ន្ធដទៃទៀត ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ជាអកុសលដែលប្រទេសយើង បានធ្លាក់ចូលក្នុងសង្គ្រាម ប្រជាជនស្លាប់ បន្សល់ទុកស្រ្តីមេម៉ាយ និងក្មេងកំព្រាមកដល់ពេលនេះ យុទ្ធមិត្តរបស់យើងបានស្លាប់ យើងមានសំណាងជាងគាត់ត្រង់ថាយើងនៅរស់ មានឱកាសបានជួបជុំ ហើយក៏ជាមោទនភាពដែលបានមើលឃើញការអភិវឌ្ឍន៍ដូចសពថ្ងៃនេះ។ កាលពីអតីតកាល កន្លែងនេះជាកន្លែងចំបាំង រវាងខ្មែរនិងខ្មែរ តែថ្ងៃនេះកន្លែងនេះជាកន្លែងដែលយើងជួបជុំគ្នា ជួបជុំអបអរសាទរសប្បាយរីករាយចំពោះអ្វីដែលយើងមានបានពេលនេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ដទៀតថា យើងជួបជុំអតីតយុវជន និងយោធិនពិការនៅថ្ងៃនេះគឺ ទី១៖ បង្ហាញពីអតីតកាលដ៏ជូរចត់របស់យើង ដែលបានបន្សល់ទុក ដោយសារសង្គ្រាមកុមាកំព្រា ស្ត្រីមេម៉ាយ និងយោធិនពិការ, ទី២៖ គឺបង្ហាញពីការចូលរួម អំពីយោធិនបន្តវេន ទទួលមរតកពីសន្តិភាព ដែលបានពីការលះបងពីរៀមច្បងជំនាន់មុន និងជាយោធិនទទួលភារកិច្ចបន្តវេនការពារជាតិ ការពាបូរណភាពទឹកដី ការពារមិនអោយមានសង្គ្រាមរវាងខ្មែរនិងខ្មែរម្តងទៀត ការពារមិនអោយភាពឈឺចាប់ត្រឡប់មកវិញម្តងទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា ហើយសិស្សានុសិស្សនៅទីនេះ ជាអ្នកទទួលមរតកសន្តិភាព មានឱកាសកសាងប្រទេសទៅថ្ងៃអនាគត។ ដូច្នេះការជួបជុំគ្នាថ្ងៃនេះ ក្រោមអត្ថន័យ៣ ទី១៖ រំលឹកអតីតកាលដឺឈឺចាប់ដែលខ្មែរសម្លាប់ខ្មែរ, ២៖ ជួបជុំអបអរសាទរសមិទ្ធិផល ដែលបាននិងកំពុងកើតមាន និងទី៣៖ គឺរួមគ្នាការពាសុខសន្តិភាព ដើម្បីយើងអភិវឌ្ឍបន្តទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់លើអតីតយុទ្ធជន ខិតខំបង្កើនប្រាក់សោធននិវត្តន៍ មិនឲ្យមានគំលាតគ្នាខ្លាំងរវាងអ្នកចូលមុន និងចូលក្រោយ និងបានសាងសង់ផ្ទះជូនអតីតយោធជន ចែកដីចែកផ្ទះ និងការកសាងហេដ្ឋារចនសម្ព័នផ្សេងៗ។ ជាក់ស្តែង ការរៀបចំឲ្យមានមណ្ឌលអភិវឌ្ឍន៍នេះ ក៏ជាគោលនយោបាយមួយដែលបានលើកកំពស់ និងការយកចិត្តទុកដាក់ ការរស់នៅរបស់យោធិនពិការ ដែលយើងបានប្តូរពីមណ្ឌលយោធិនពិការតូចមួយកន្លែងនៅកៀនស្វាយ ហើយមកដល់ពេលនេះ យើងមាន៣១៧កោះស្លាកំពត ៣១៧គូលែនសៀមរាប និង៣១៧ភ្នំឆ័ត្រនេះ ដែលបានរៀចំផ្ទះ និងដីធ្វើកសិកម្ម មិនត្រឹមតែប៉ុណ្ណោះ ក៏បានផ្តល់អាទិភាព ដល់កូនយោធិន ឲ្យមានឱកាសចូលបម្រើការងារ ក្នុងកងយោធពលខេមរភូមិន្ទផងដែរ៕