(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នាសណ្ឋាគារ សូហ្វីតែល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីឆ្លើយតបទៅតាមតំរូវការជូនប្រជាពលរដ្ឋយើង ឲ្យបានកាន់តែប្រសើរ មន្ដ្រីសុខាភិបាលបានបន្ដប្ដេជ្ញារួមគ្នា ក្នុងការពង្រឹងគុណភាព និងពង្រីកសេវាកម្មព្យាបាល ជាមួយនឹងការបំពាក់ឧបករណ៍ទំនើបៗ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «សន្និបាតថ្ងៃនេះ យើងបានពិនិត្យរួមគ្នា ទាំងការពិនិត្យពីវឌ្ឍនៈភាព អ្វីដែលយើងសម្រេចជោគជ័យ និងលើកទិសដៅការងារឆ្នាំថ្មី ពីបញ្ហាប្រឈមដែលត្រូវដោះស្រាយ ការពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសគឺការយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការប្រតិបត្ដិនូវគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល គឺការគាំពារសង្គម» ។
ក្នុងនោះវិស័យសុខាភិបាល ជាផ្នែកមួយចូលរួមចំណែកគាំពារសង្គម ក្នុងការផ្ដល់សុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព និងឆ្លើយតបទៅនឹងតំរូវការ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលយើងចាប់ផ្ដើមឈានទៅសម្រេចបាន នូវសេវាគ្របដណ្ដប់ជាសកលជូនដល់ប្រជាពរដ្ឋយើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែលើកទឹកចិត្ដ ដោយមិនឲ្យនរណាម្នាក់ ដែលត្រូវការសេវាសុខភាពហើយ មិនទទួលបាននោះទេ។ នេះ ដើម្បីឲ្យប្រជាជនយើង ក្លាយជាធនធានមនុស្ស ប្រកបដោយសុខភាព និងស្មារតីរឹងមាំល្អ ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិរបស់យើង ទៅថ្ងៃអនាគត ។នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រី សុខាភិបាល ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ទិសដៅឆ្នាំ២០១៩ ក្រសួងសុខាភិបាល គឺការយកចិត្ដទុកដាក់លើបញ្ហាសុខភាពស្ដ្រី និងកុមារ, ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលបន្ថែមទៀត ឱ្យកាន់តែមានជំនាញខ្ពស់, ពង្រីកសេវារបស់យើងទៅតាមបណ្ដាលខេត្ដស្រុក និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប, ការគ្រប់គ្រងប្រព័ន្ធព័ត៌មានរបស់យើង, ការគ្រប់គ្រងរដ្ឋបាលហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់នូវប្រសិទ្ធភាពការងារក្នុងវិស័យសុខាភិបាល»។
លើសពីនោះ បន្ដខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺឆ្លងនានា និងការពង្រីកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព នៅតាមបណ្ដាខេត្ដ ដែលពេលនេះខេត្ដមួយចំនួន កំពុងសាងសង់ និងសិក្សា រួមមាន នៅសៀមរាប (កំពុងសាងសង់), បាត់ដំបង(កំពុងសាងសង់), បៃលិន, ឧត្ដរមានជ័យ(កំពុងសិក្សា) និងតាមតំបន់ផ្សេងៗទៀត ដែលគោលដៅរបស់ក្រសួង ក្នុងមួយឆ្នាំៗ ត្រូវពង្រីកនូវចំនួន៥០មណ្ឌលសុខភាព ៕