(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានចាត់ឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាំយកថវិកា និងគ្រឿងបរិភោគជាអង្ករ ដើម្បីឧបត្ថម្ភជូនក្លឹបប្រដាល់គុនខ្មែរ «ឆ្មាស» ដែលមានលោក ស៊ន អេលីត ជាគ្រូបង្វឹក និងជាម្ចាស់ក្លឹប ត្រូវជាបងប្រុសបង្កើតរបស់ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសពិភពលោក ផ្នែកតៃខ្វាន់ដូ នៃប្រទេសកម្ពុជា ក្នុងការជួយទ្រទ្រង់មួយផ្នែកបន្ថែមទៀត លើវិស័យមួយនេះឲ្យកាន់តែរីកចម្រើន និងកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។
ពិធីនេះមានការចូលរួមពីមន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌឫស្សីកែវ យុវជន អ.ម.ត យុវជន ស.ស.យ.ក និងលោក ជុំ បាយ័ន្ត វិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងសមាជិកពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅក្លឹបប្រដាល់ «ឆ្មាស» ក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ លោក ជា ពិសី បានផ្ដាំផ្ញើអំពីការយកចិត្តទុកដាក់ខ្ពស់ មិនត្រឹមតែចំពោះក្លឹបប្រដាល់គុនខ្មែរ «ឆ្មាស» របស់លោក ស៊ន អេលីត ជាគ្រូបង្វឹក និងជាម្ចាស់ក្លឹប ដែលជាបងប្រុសបង្កើតរបស់ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសពិភពលោក ផ្នែកតៃខ្វាន់ដូ នៃប្រទេសកម្ពុជានោះទេ ទាំងផ្នែកសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសំណាក់លោក ហ៊ុន ម៉ាណែត គឺបានជួយជ្រោមជ្រែងរាល់គ្រប់វិស័យកីឡា ក្នុងបំណងជួយទ្រទ្រង់ ដើម្បីលើកស្ទួយឲ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត ទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ៕