(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានតាមស្រាវជ្រាវរកឃើញថ្នាំញៀន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗ បានជាច្រើនកញ្ចប់សម្រាប់ធ្វើការជួញដូរ ក្នុងពេលឃាត់ខ្លួនស្ត្រីម្នាក់។
ប្រតិបត្តិការឃាត់ខ្លួនស្ត្រីជួញដូរថ្នាំញៀនខាងលើនេះ បានអនុវត្តឡើង ស្ថិតនៅត្រង់ចំណុចក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាវេលាម៉ោង៩៖០០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនស្ត្រីជាជនសង្ស័យ ដកហូតថ្នាំញៀន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗ សម្រាប់ធ្វើការជួញដូរ នូវមានវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត ដូចជាទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអាយខល ពណ៌ស ចាស់, ថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងកាបូបដែពណ៌ត្នោតចំនួន០១។
លោកបន្តថាស្ត្រីសង្ស័យជួញដូរថ្នាំញៀន ដែលឃាត់ខ្លួនឈ្មោះ ធឿម ចំប៉ា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិកំពង់ចម្លង ឃុំឃ្លាំងស្បែក ស្រុកពញាឮ ខេត្តកណ្តាល។
យ៉ាងណាក៏ដោយ ក្រោយឃាត់ខ្លួនស្ត្រី និងវត្ថុតាងពាក់ព័ន្ធសកម្មភាពជួញដូរថ្នាំញៀនទាំងឡាយ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕