(កំពង់ចាម)៖ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងសំណូមពរ ដល់មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ សូមធ្វើការខិតខំបន្ថែមទៀត លើការងារបំរើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ នៅក្នុងឆ្នាំ២០១៩នេះ។
លោកអភិបាលខេត្ត បានថ្លែងថា សន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំង អំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទីភារកិច្ច របស់រដ្ឋបាលខេត្ត នៅក្នុងឆ្នាំ២០១៨កន្លងមក ដើម្បីធ្វើការផ្សព្វផ្សាយអំពី សមិទ្ធផលនានា ដែលអនុវត្តបាន និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈមសំណើដំណោះស្រាយ និងការផ្លាស់ប្តូរបទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក លើគ្រប់វិស័យនៅក្នុងខេត្ត និងដើម្បីរួមសហការគ្នាក្នុងការស្វែងរក នូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបាននូវអនុសាសន៍ល្អៗ ដើម្បីឈានទៅសម្រេចបាន នូវជោគជ័យធំៗ ថ្មីៗ ថែមទៀត ក្នុងទិសដៅអនុវត្តភារកិច្ចនាឆ្នាំថ្មីនេះជាបន្តទៀត។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ថ្នាក់គ្រប់ផ្នែក និងគ្រប់ជំនាញ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការសហការអនុវត្តការងារ បានយ៉ាងល្អប្រសើរ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងនិយាយដោយឡែក ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យមានការរីកចម្រើន ឈានឡើងជាលំដាប់។
ទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្ត បានសំណូមពរដល់មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ជំនាញ សូមបន្តចូលរួមសហការឲ្យបានកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការរួម សហការពង្រឹងការអនុវត្តសកម្មភាពការងារ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រ សកម្មភាពនិងការផ្ដល់សេវាសាធារណៈ របស់រដ្ឋបាលខេត្តកំពង់ចាម ជូនប្រជាពលរដ្ឋ កន្លងមកនិងទៅអនាគត។ រដ្ឋបាលខេត្តកំពង់ចាម និងខិតខំបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ជាមួយដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា ដើម្បីសម្រេចបាននូវគោលដៅជាគន្លឹះ នៃដំណើរការ កំណៃទម្រង់របស់ប្រទេសយើងទៅអនាគត៕