(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រយៈពេល៤០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាល ដ៏លំបាកជាច្រើន ដើម្បីស្តារសង្គម-សេដ្ឋកិច្ច ការបង្រួបបង្រួមជាតិ និងសន្តិភាព ជាពិសេសក្រោមនយោបាយ ឈ្នះ-ឈ្នះ និងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការលើកឡើង របស់លោក សុខ លូ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តចាននារាម (ហៅវត្តពណ្ណរាយ) ស្ថិតនៅក្នុងភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីរាជការ នៅក្នុងស្រុកបារាយណ៍ សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តពណ្ណរាយ ប្រមាណជាង៧០០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ លោក សុខ លូ ក៏បានជម្រាបជូនអង្គពិធី អំពីរបបប្រល័យពូជសាសន៍ ដែលជារបបដ៏ឃោរឃៅមួយ ដោយរបបរនេះ មិនបានផ្តល់តម្លៃឲ្យសិទ្ធិសេរីភាពរបស់មនុស្ស និងសាសនានោះឡើយ ដោយបានធ្វើបាបមនុស្ស ឲ្យធ្វើការលើកម្លាំងសូម្បីតែព្រះសង្ឃ ក៏ពួកវាមិនលើកលែងដែរ ទីវត្តអារាមក្លាយជាទីសមរភូមិ ឃ្លាំងទុកអាវុធជាដើម។
អភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថា «រយៈពេល៤០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រែក្លាយប្រទេសជាតិ យើងឲ្យរួចផុតពីភ្លើងសង្គ្រាម និងស្ដារមុខមាត់ប្រទេសជាតិ ពីចំណុចសូន្យ រហូតស្មើមុខស្មើមាត់ ជាប្រទេសនៅលើសកលលោក ជាពិសេសនៅក្នុងអាស៊ានយើងនេះ»។
ក្នុងពិធីនេះ លោក សុខ លូ ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិ ប្រគេនចែកជូនថវិកា សម្ភារ ចំពោះព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន ប្រជាជនផងដែរ៕