(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ រៀបចំពិធីអបអរសាទរទិវា «ASEM DAY» ក្រោមប្រធានបទ «កម្ពុជាឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងគោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទសកលបច្ចុប្បន្ន»។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា រៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណៈជន នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមមន្ត្រីរាជការ និងនិស្សិត សាកលវិទ្យាល័យនានា។
ប្រមុខការទូតកម្ពុជារូបនេះ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ត្រូវបានចាត់ទុកជាវេទិកាក្រៅផ្លូវការតែមួយគត់ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឲ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព។ កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំ ដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ។
លោកបានបន្ថែមថា ចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងនៅខែមីនា ឆ្នាំ១៩៩៦ នៅទីក្រុងបាងកក ដែលមានរដ្ឋស្ថាបនិកត្រឹមតែ២៦ ហើយវេទិកានេះ បានពង្រីកសមាជិកភាពរបស់ខ្លួនដល់ទៅ៥៣ប្រទេស និងដៃគូ។ បូកបញ្ចូលគ្នាទៅវេទិកា ASEM នេះ បានតំណាងឲ្យប្រមាណ៦៥% នៃសេដ្ឋកិច្ចពិភពលោក, ៦០%នៃប្រជាជន, ៥៥% នៃពាណិជ្ជកម្ម និង៧៥% នៃទេសចរណ៍ពិភពលោក។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានឲ្យដឹងថា កម្ពុជាបានចូលរួមក្នុងយន្តការនេះ ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៥ នាឆ្នាំ២០០៤
នៅប្រទេសវៀតណាមមកម្លេះ ដែលកម្ពុជាចាត់ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់ ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា។ ក្នុងនោះរួមមាន៖
*ទី១៖ កិច្ចប្រជុំអាស៊ីអឺរ៉ុបផ្តល់ឲ្យកម្ពុជា នូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។
*ទី២៖ វេទិការនេះ ផ្ដល់ឱកាសដល់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកំរិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ជាក់លាក់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម។
*ទី៣៖ កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានរួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាទាំងក្នុងវិស័យសាធារណៈ និងឯកជន។
*ទី៤៖ ការតភ្ជាប់នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាទិដ្ឋភាពដ៏រស់រវើកបំផុតសម្រាប់កម្ពុជា ដើម្បីការលើកកំពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងបរិបទដែលតំបន់អាស៊ីអឺរ៉ុប កំពុងតែមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងៗ។
លោកឧបនាយករដ្ឋមន្ដ្រី បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល នៅឆ្នាំ២០២០ កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការអមចំនួន៧ ដែលជាការអនុវត្តតាមទម្លាប់ នៃដំណើរការរបស់ ASEM ក្នុងនោះរួមមាន៖ ទី១៖កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប, ទី២៖បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប, ទី៣៖វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប, ទី៤៖កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប, ទី៥៖កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាន នៃមូលនិធិអាស៊ី-អឺរ៉ុប, ទី៦៖វេទិកាការងារ
អាស៊ី-អឺរ៉ុប និងទី៧៖វេទិកាប្រជាជនអាស៊ី-អឺរ៉ុប៕