(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា អង្គការ SOS បានយកចិត្តទុកដាក់ ជួយដល់សុខុមាលភាពរបស់កុមារកម្ពុជា ដែលរងគ្រោះនិងងាយរងគ្រោះ។ បន្ថែមពីលើនេះ លោក វងសូត ក៏បានស្នើឲ្យ នាយកអង្គការ SOS អន្តរជាតិ ពិនិត្យលទ្ធភាពដើម្បីបង្កើតភូមិកុមារ SOSមួយនៅក្នុងខេត្តត្បូងឃ្មុំដើម្បីជួយដល់កុមារ។
ជាការឆ្លើយតប លោកស្រី ស៊ូបាម៉ូទី នាយកអង្គការ SOS បានទទួលយកនូវសំណើនេះ ហើយលោកស្រី បានជម្រាបជូនថា លោកស្រី នឹងឲ្យក្រុមការងារចុះធ្វើការ សិក្សាអំពីស្ថានភាពកុមារ នៅក្នុងខេត្តត្បូងឃ្មុំថាតើត្រូវមានកម្មវិធីអ្វីមួយត្រូវធ្វើក្នុងខេត្តនេះ ដើម្បីឲ្យដំណើរការទៅមានប្រសិទ្ធភាព។
ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងនៅក្នុងឱកាសដែល អនុញ្ញាតឲ្យលោកស្រី ស៊ូ បាម៉ូទី នាយកអង្គការ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត បានថ្លែងការកោតសរសើរ និងគាំទ្រ ដល់កម្មវិធីសកម្មភាពកាងារ របស់អង្គការ SOS នៅកម្ពុជាដែលបានអនុវត្ត នាពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក៏បានជម្រាបជូន លោកស្រី ស៊ូ បាម៉ូទី ថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ គាំពារសង្គមសំដៅ បង្កើតនូវ សេវាសាធារណៈ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះក្នុងសង្គមពិសេស ជួយដល់ស្រ្តីនិងកុមារដើម្បីឲ្យ ពួកគេកាន់ តែមានភាពប្រសើរឡើងថែមទៀត។
លោកស្រី បានឲ្យដឹងទៀតថា អង្គការ SOS បានចាប់ផ្តើមធ្វើសកម្មភាពកម្មវិធីកាងាររបស់ខ្លួន នៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល២០ឆ្នាំហើយ។ អង្គការ SOS បានជួយដល់កុមារកម្ពុជា បានចំនួន៨៣២នាក់ ដោយបានធ្វើការបណ្តុះបណ្តាល ដល់ពួកគេឲ្យទទួល បានចំណេះដឹង ចំណេះធ្វើ និងមុខជំនាញច្បាស់លាស់ ដើម្បីឲ្យពួកគេអាចប្រកបមុខរបរចិញ្ចឹមជីវិត ដោយខ្លួនឯងបាន។
ក្រៅពីនេះ អង្កការ SOS មានកម្មវិធីពង្រឹងគ្រួសារដោយផ្តោតលើការថែរក្សាសុខភាពមាតា និងទារកមុនពេលសម្រាល និងក្រោយពេលសម្រាលបាន ចំនួន១៥០០នាក់។ ជាមួយគ្នានេះ អង្គការក៏បានបង្កើតនូវមណ្ឌលសុខភាពមាតា និងទារកមួយកន្លែង នៅក្នុងខេត្តបាត់ដំបង ដែលបច្ចុប្បន្ននេះ មានស្រ្តី និងកុមារទៅពិនិត្យជំងី ដោយឥតថ្លៃ ក្នុងមួយថ្ងៃៗ មានប្រមាណ១៥០នាក់។
សូមបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំនេះ អង្គការ SOS បានបង្កើតភូមិកុមារ SOS បានចំនួន៧ នៅតាមបណ្តាខេត្ត និងភូមិកុមារ SOS មួយ បាននឹង កំពុងដំណើរការសាង់សង់ ក្នុងខេត្តព្រៃវែង។ បន្ទាបពីភូមិមួយនេះ ធ្វើរួចហើយ អង្កការ SOS នឹងបន្តបង្កើតភូមិកុមារ SOS បន្ថែមទៀត នៅខេត្តត្បូងឃ្មុំ៕