(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានជំរុញឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុក/ក្រុង ពង្រឹង ភូមិឃុំមានសុវត្ថិភាព និងតំបន់អេកូទេសចរណ៍ឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ចូលមកកំសាន្តឲ្យបានច្រើន។
ការជំរុញរបស់លោកស្រី មិថុនា ភូថង បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង ដែលមានការចូលរួមពីលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
លោកស្រី មិថុនា ភូថង បានថ្លែងថា ដើម្បីរក្សាភូមិឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ កម្លាំងការពារ និងបង្រ្កាបបទល្មើស អំពើចោរកម្ម សកម្មភាពក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ចាត់វិធានការផាកវិន័យ ពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក -ល-។
លោកស្រី មិថុនា ភូថង បានបន្ដថា សមត្ថកិច្ចត្រូវរក្សាបាននូវសុវត្តិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋក្នុងខេត្ត វិនិយោគិន និងភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសការពារឲ្យបានបូរណភាពផែនដី ធានាសន្តិសុខស្ថេរភាព នៅតាមបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង។ ម៉្យាងតាមរយៈ នៃការចាត់តាំងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រកបដោយយកចិត្តទុកដាក់ខ្ពស់។
លោកស្រី បានបន្ដទៀតថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំចូលរួមចំណែកធ្វើឲ្យខេត្តកោះកុងទាំងមូល ក្លាយជាទីកន្លែងរស់នៅប្រកបដោយផាសុខភាព សេចក្តីសុខសុវត្ថិភាព អនាម័យបរិស្ថានល្អ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ ក្នុងខេត្តកោះកុង ដូចឃ្លាមួយ ត្រូវបានសម្តេចតេជោលើកឡើងថា «បើចង់មើលប្រាសាទនានា អ្នកត្រូវអញ្ជើញទៅទស្សនានៅខេត្តសៀមរាប ហើយបើចង់មើលព្រៃ និងធនធានធម្មជាតិ អ្នកត្រូវអញ្ជើញទស្សនានៅខេត្តកោះកុង»។
អភិបាលខេត្តកោះកុង បានបញ្ជាក់ទៀតថា «ហេតុដូច្នេះហើយ យើងទាំងអស់គ្នាត្រូវរួបរួមគ្នា ទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ លុបបំបាត់គ្រឿងញៀនក្មេងទំនើងល្បែងស៊ីសង់អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត និងត្រូវប្រែក្លាយទឹកដី ខេត្តកោះកុង ឲ្យទៅជាទឹកដីអភិវឌ្ឍន៍ ទាំងវិស័យទេសចរណ៍ធម្មជាតិ និងវិស័យឧស្សាហកម្ម ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ឲ្យមានជីវភាពល្អប្រសើរ»។
លោកស្រី បានបញ្ជាក់ថា មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ ត្រូវមានភាពសាមគ្គីឲ្យបានល្អ នឹងប្រកាន់នៅអត្ថចរឹកថ្លៃថ្នូរ មានភាពជិតស្និតជាមួយប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ក្នុងនាមជាមន្ត្រីរាជការគ្រប់រូប មិនត្រូវគោរពអោយបានម៉ឺងម៉ាត់ នូវក្រមសិលធម៌វិជ្ជាជីវៈ និងតួនាទីរបស់ខ្លួន មិនទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវគោរពវិន័យ ការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ចំពោះតួនាទី និងភារកិច្ចនិងភាពថ្លៃថ្នូរក្នុងវិជ្ជាជីវៈ និងប្រសិទ្ធភាពការងារបានល្អ៕