(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញដល់នគរបាលអគ្គិភ័យទាំងអស់បង្កើនការបង្ការ និងអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទាក់ទងនឹងបញ្ហាអគ្គិភ័យ ខណៈតំបន់ខ្លះជួបបញ្ហារាំងស្ងួតនោះ។
ថ្លែងនៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានលើកឡើងថា «ក្នុងនាមជានគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ត្រូវតែមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ជាពិសេសមានចិត្តបរិសុទ្ធ និងស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ខណៈពេលដែលពួកគាត់ជួបបញ្ហាគ្រោះថ្នាក់ ដោយសារអគ្គិភ័យ។ ជាងនេះទៅទៀត ត្រូវបង្កើនសកម្មភាពចុះអប់រំផ្សព្វផ្សាយពួកគាត់ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតផងដែរ»។
ប្រធាននាយកដ្ឋានជំនាញរូបនេះ បានបញ្ជាក់ថា អគ្គីភ័យបានកើតឡើង កាលពីឆ្នាំ២០១៨កន្លងទៅនេះ មានចំនួន៥៣៤លើក កើនឡើង២០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៧នាក់ និងរងរបួស៥២នាក់ បណ្តាលឲ្យឆេះផ្ទះចំនួន៥៥៣ខ្នង ឆេះតូបចំនួន៣៩៦តូប។ មូលហេតុដែលបណ្តាលឲ្យឆេះ ភាគច្រើននៅតែផ្តើមចេញពីការតចរន្តអគ្គិសនីខុសបច្ចេកទេស និងការធ្វេសប្រហែសភ្លើងចង្រ្កាន-ទៀន-ធូបជាដើម។
ថ្លែងនៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនេះ អ្នកស្រី ជឹង ស៊ិនជា នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា ហ្វែវិន អ៊ិនធើប្រាយ ដែលជាអ្នកឧបត្ថម្ភចំពោះវគ្គបណ្តុះបណ្តាលនេះ បានលើកឡើងថា ក្រុមហ៊ុនរបស់អ្នកស្រី នឹងបន្តជួយដល់អគ្គស្នងការដ្ឋាននគរបាលជាតិបន្តទៀត ដើម្បីលើកកម្ពស់សមត្ថភាពជំនាញដល់នគរបាល ក្នុងការបង្ការពន្លត់អគ្គិភ័យឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត៕