(កំពង់ចាម)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាប់ខ្លួនគ្រូទាយបោកប្រាស់ម្នាក់ ដែលប៉ុនប៉ងចាប់រំលោភស្ដ្រី ពេលហៅឲ្យមកលើករាសី នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះថា ការឃាត់ខ្លួនគ្រូទាយបោកប្រាស់រូបនេះ ធ្វើឡើងដោយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលនៅទីនោះថា មានករណីចាប់រំលោភកើតឡើង។
លោកមេបញ្ជាការបានបញ្ជាក់ថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង០៩៖៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។
ក្រោយឃាត់ខ្លួនកម្លាំងអាវុធហត្ថដកហូតបាន ស្រោមអនាម័យចំនួន២, ចានធូបទៀនយ័នចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយពេលធ្វើសកម្មភាព), ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987។
បន្ទាប់មកនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅតុលាការហើយ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវ: តាមមាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅ ដាក់នៅពន្ធនាគារខេត្តកំពង់ចាម។
ឧត្តមសេនីយ៍ត្រី សោ សាវឿន បានគូសបញ្ជាក់ថា ជានិច្ចជាកាលដោយអនុវត្តន៍នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានយកចិត្តទុកដាក់ធ្វើការចល័តល្បាត ការពារបណ្តាគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តខេត្តដោយធ្វើការបង្ការ បង្រ្កាប និងទប់ស្កាត់ នូវរាល់បទល្មើសនានាដើម្បីថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់ សង្គមជូនបងប្អូនប្រជាពលរដ្ឋជានិច្ច៕