(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រកាសថា «សង្ក្រាន្តសមុទ្រ» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយមិនធ្លាប់មានពីមុនមក នឹងបង្ហាញខ្លួននៅឆ្នេរឯករាជ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងជាតិអន្តរជាតិ ដែលទៅលេងខេត្តព្រះសីហនុក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។
លោក យន្ត មីន បានឲ្យដឹងថា រដ្ឋបាលខេត្តបានចាត់ឲ្យមានមន្ត្រីទទួលខុសត្រូវក្នុងការងាររៀបចំសង្ក្រាន្តសមុទ្រនេះរួចហើយ ដោយបានសហការគ្នាជាមួយវិស័យឯកជន BLUE MEDIA CAMBODIA។ លោកបានលើកឡើងទៀតថា សង្ក្រាន្តសមុទ្រនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ដោយរៀបចំនៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ព័ត៌មានេះខាងលើទទួលបានការសាទរ និងគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ ទៅលើគម្រោងរៀបចំសង្ក្រាន្តសមុទ្រ របស់រដ្ឋបាល ខេត្តព្រះសីហនុឆ្នាំនេះ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ ជួយលើកស្លាកផ្ទាំងប៉ាណូ ឬផ្ទាំងផ្សព្វផ្សាយស្តីពីតំបន់ទេសចរណ៍ ដែលមានសក្តានុពលនៅមូលដ្ឋាននេះនៅតាមផ្លូវសាធារណៈឲ្យបានច្រើន ដើម្បីជាការទាក់ទាញភ្ញៀវ។
ទាក់ទិនបញ្ហានេះ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា BLUE MEDIA CAMBODIA បានឲ្យដឹងថា កម្មវិធីសង្ក្រាន្តសមុទ្រ រយ:ពេល៣ថ្ងៃ មានកម្មវិធីដូចជា៖ ចុចប៊ូតុងប្រកាសបើកកម្មវិធីសង្ក្រាន្តសមុទ្រ, មានការសម្តែងសិល្បៈ, ល្បែងប្រជាប្រិយខ្មែរដែលពេញនិយម, ការប្រគុំតន្ត្រីខ្នាតធំ, ស្តង់ពិព័រណ៍ទេសចរណ៍, ស្តង់ពិព័រណ៍ពាណិជ្ជកម្មប្រមាណជា ៣០០ស្តង់, កីឡាកម្សាន្តនានានៅលើឆ្នេរខ្សាច់ និងលើសួនច្បារ។ ក្នុងនោះក៏មានកម្មវិបង្ហោះគោម, បណ្តែតគោមទឹក និងការបាញ់កាំជ្រួច ដើម្បីអបអរសាទរសង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីផ្តល់ជម្រើសជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តនេះ ឲ្យមានភាពសប្បាយរីរាយទ្វេដង។
លោកស្រីបន្តថា ព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រប្រចាំឆ្នាំ២០១៩នេះ ក៏មានបំណងបង្កលក្ខណៈជួបជុំ បង្កើតការសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឈានចូលមកដល់ ប្រយោជន៍ដើម្បីបំផុសទាក់ទាញ ឲ្យចូលមកទស្សនាសង្ក្រាន្តសមុទ្រឲ្យបានច្រើន។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការរៀបចំសង្ក្រាន្តសមុទ្រឆ្នាំនេះ ក៏ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ដោយផ្តោតសំខាន់ ទៅលើការដាក់បង្ហាញពិព័រណ៍ទេសចរណ៍, ពិព័រណ៍ពាណិជ្ជ, ការប្រគុំតន្រ្តី និងការរៀបចំកម្មវិធីល្បែងប្រជាប្រិយកម្សាន្ត ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
លោកអភិបាលបន្តថា សង្ក្រានសមុទ្រ ឆ្នាំ២០១៩នេះ គឺរដ្ឋបាលលខេត្តបានត្រៀមរៀបចំកម្មវិធីបានល្អិតល្អន់បំផុត និងបានស្វែងរកប្រភពថវិកាពីវិស័យឯកជន និងផ្នែកពាក់ព័ន្ធ ឲ្យចូលរួមគាំទ្រកម្មវិធីសង្ក្រាន្តសមុទ្រជាលើកទី១នេះ ឲ្យទទួលបានលទ្ធផលល្អតាមការគ្រោងទុក។
ឆ្លៀតឱកាសនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យចូលមកទស្សនាសង្គ្រាន្តសមុទ្រ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ។ លោកបន្តថា កម្លាំងជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលក្រុងខេត្តព្រះសីហនុ បានត្រៀមលក្ខណៈរង់ចាំការពារសន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដោយការទទួលខុសត្រូវខ្ពស់៕