(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងចំអកដល់អ្នកនយោបាយកំសាកញី ដែលមិនហ៊ានចេញមកធ្វើនយោបាយតទល់គ្នា ហើយបន់ស្រន់ឲ្យគេស្លាប់នោះថា ជាអ្នកនយោបាយកទុច្ចរិត មិនសមជាធ្វើជាអ្នកនយោបាយឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តាំ ទៅអ្នកនយោបាយដែលកំសាកញីដែលបន់ឲ្យគេស្លាប់នោះថា បន់ឲ្យគេស្លាប់ រាសីមិនដល់គេមិនស្លាប់ ប្រយ័ត្នស្លាប់ខ្លួនឯងវិញ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា «អ្នកខ្លះគេបន់ឲ្យខ្ញុំងាប់ ប៉ុន្តែអ្នកដែលបន់ឲ្យគេងាប់ច្រើនតែងាប់មុនខ្ញុំទៅវិញ។ រកស៊ីធ្វើនយោបាយ បន់ឲ្យគេងាប់បានចេញមកតស៊ូ វាមិនមែនសុចរិតភាពអីទេ! វាបន់ឲ្យគេងាប់អីចឹង។ ប៉ុន្តែអ្នករាសីមិនដល់ អាហ្នឹងប្រយ័ត្ន ធ្វើបាបគេប៉ះខ្លួនឯងងាប់»។
ការចំអករបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះទោះបីសម្តេចមិនបញ្ជាក់ចំឈ្មោះថា អ្នកនយោបាយនោះជានរណាក្តី ក៏គេដឹងថាចង់សំដៅដល់អ្នកយោបាយរត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីភាពមមាញឹករបស់សម្តេច ក្នុងការចូលរួមក្នុងវេទិការសាធារណៈ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៅតាមសាកលវិទ្យាល័យនានា និងបំពេញការងារបម្រើប្រជាជន នៅក្នុងខែមីនា ឆ្នាំ២០១៩នេះ ដែលសប្តាហ៍ខ្លះសម្តេចត្រូវជាប់ រវល់ពេញ១សប្តាហ៍។ តែទោះជាមានភាពមមាញឹកយ៉ាងក្តី សម្តេចពេញចិត្តនឹងបម្រើការងារដើម្បីប្រជាជន និងប្រទេសកម្ពុជា ឲ្យបន្តការរីកចម្រើន ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការហួសចិត្ត ចំពោះការរិះគន់របស់អ្នកវិភាគមួយចំនួន រឿងសម្តេចចុះជួបអ្នកធាក់ស៊ីក្លូ និងជួបកម្មករកម្មការិនីថាជារឿងមិនសម ប៉ុន្តែសម្តេចបញ្ជាក់ថា សម្តេចមិនចាប់អារម្មណ៍នឹងការលើកឡើងនេះឡើយ អ្វីដែលសម្តេចធ្វើគេដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី៕