(រតនគិរី)៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីថ្មី ជំនួសលោក ភូ ធាឡុំ ដែលចូលនិវត្តន៍ រៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តន៍ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីធានាបានស្ថិរភាពទីផ្សារ និងប្រាក់ចំណូលសមរម្យជូនប្រជាកសិករ ដែលជាអ្នកផលិតក្នុងខេត្តទាំងមូល។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងខេត្តដទៃទៀត ចូលរួមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) ដោយសារគោលបំណងនៃគម្រោងនេះ មានសង្គតិភាពជាមួយការងារស្នូលរបស់មន្ទីរពាណិជ្ជកម្ម និងស្ថាប័នមួយចំនួន នៅថ្នាក់ក្រោមជាតិ។
«ការងារនេះ មិនមែនជាកិច្ចការបន្ថែមទេ គឺត្រូវបញ្រ្ជាបចូលទៅក្នុងការងារស្នូលរបស់មន្ទីរទាំងអស់ ដើម្បីជាបទពិសោធន៍មួយថ្មី សម្រាប់មន្ទីរពាណិជ្ជកម្មយើង ក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
បន្ថែមលើនោះទៀត លោករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ដរតនគិរី ដែលបានប្រឺងប្រែងដឹកនាំមន្ទីរ រហូតក្លាយជាអង្គភាពមួយ ទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់ ព្រមទាំងបានថ្លែងអំណរគុណអាជ្ញាធរខេត្ដរតនគិរី ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្មដូចជា៖ ចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស តាមដានស្ថានភាពថ្លៃទំនិញ និងត្រួតពិនិត្យគុណភាពទំនិញ ចុះឃ្លាំមើលទីផ្សារ និងផ្សព្វផ្សាយអំពីច្បាប់ ព្រមទាំងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចផ្សេងៗ ជាដើម។
ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗថែមទៀតជូនខេត្តរតនគិរី និងក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ជូនប្រធានមន្ទីពាណិជ្ជកម្មថ្មី ដូចខាងក្រោម៖
* ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ខិតខំសិក្សារៀនសូត្រជំនាញភាសាបរទេស និងកំព្យូទ័រ ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលថ្មី។
* ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងគណៈអភិបាលខេត្ដ ។
* ត្រូវចេះសម្របសម្រួលរាល់បញ្ហារបស់អង្គភាព និងចេះធ្វើទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ដើម្បីដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ច្បាប់។
* ត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលនៅជុំវិញខ្លួន ដោយមិនរើសអើង មិនប្រកាន់បក្សពួកធ្វើយ៉ាងណា ផ្ដល់ភាពកក់ក្ដៅដល់សហការី និងចេះផ្ដល់ឱកាសដល់មន្រ្តីក្រោមឱវាទ បានចូលរួមបញ្ចេញមតិ ជួយយើងក្នុងការសម្រេចកិច្ចការទូទៅ ត្រូវគោរពតាមឋានានុក្រមការងារ។