(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះការរិះគន់ដល់សម្តេច ពីក្រុមអតីតគណបក្សប្រឆាំង រឿងលើកកំប៉ុងស្រាបៀរ ជល់ជាមួយអ្នកធាក់ស៉ីក្លូ ក្នុងពេលសម្តេចជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយពួកគាត់។

ប្រសាសន៍ហួសចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងស្រស់ស្រូបអាហាររួមគ្នា ជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូ ដឹកភ្ញៀវជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់ពីមូលនិធិស៉ីក្លូនេះ ត្រូវបានសម្តេចតេជោសម្រេចបង្កើតឡើង កាលពីខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។ ក្នុងឱកាសនោះ ដើម្បីជាការសម្តែងភាពស្រឡាញ់ និងរាប់អានចំពោះអ្នកប្រកបរបរធាក់ស៉ីក្លូ សម្តេចបានលើកកំប៉ុងស្រាបៀរកម្ពុជា ជល់ស្វាគមន៍ដល់ពួកគាត់។

មន្ត្រីនៃអតីតគណបក្សប្រឆាំង បានរិះគន់ថា សម្តេចកំពុងតែផ្សព្វផ្សាយស្រាបៀរ និងជាគំរូមិនល្អ សម្រាប់ប្រទេសជាតិ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន​ សែន បានលើកឡើងថា ចរិតរបស់ក្រុមអតីតបក្សប្រឆាំង ដែលចាំតែរិះគន់បែបនេះហើយ ទើបធ្វើឲ្យពិបាកក្នុងការបង្រួបបង្រួមជាតិខ្មែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រាន់តែថ្ងៃមុនមានរឿងមួយនោះ ខ្ញុំករុណាខ្ញុំហួសចិត្ត ខ្ញុំករុណាខ្ញុំមកកោះពេជ្រនេះ ជួបជាមួយកម្មករស៉ីក្លូ។ ខ្ញុំករុណាខ្ញុំក៏ចេញពីតុបាយទៅ ក៏ចង់ជួបជាមួយកម្មករស៉ីក្លូ ហើយអង្គុយនិយាយលេងជាមួយគាត់ ក៏ទាញអាប៊ីយៀរកម្ពុជាយកមក ហើយដកទៅគាស់ជាមួយពួកគាត់។ មានអាចង្រៃមួយនោះ អារត់ចោលស្រុកមួយនោះ វាបង្ហោះតាមហ្វេសប៊ុកថា ទោះបីជាមិនផឹកក៏ដោយ ធ្វើបែបហ្នឹងរុញឲ្យមនុស្សចេះផឹក។ អញ្ចឹងខ្ញុំករុណាខ្ញុំជាមួយអស់សិទ្ធិរលីងហើយ»?

ជាមួយនឹងការសម្តែងសេចក្តីហួសចិត្តនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចរិតក្រុមប្រឆាំងនៅកម្ពុជា គឺតែចាំរិះគន់ជាន់ពន្លិចបែបនេះ និងមិនចេះធ្វើអ្វីនោះទេ ហើយសម្តេចបានហៅក្រុមអតីតបក្សប្រឆាំង ពេញៗមាត់ថា «អ្នកទាំងនោះធ្វើអ្វីមិនកើតឡើយ»

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បន្តថា៖ «វាទៅជាអញ្ចឹងទៅ អានេះចាំតែមើលតែម្តង។ អញ្ចឹងបានថា អាស្មារតីបង្រួបបង្រួមជាតិបែបនេះ អានេះទៅអត់រួចទេ។ យើងចង់បង្រួបបង្រួមយ៉ាងម៉េច ក៏អត់បានដែរ បើវាចង្រៃបែបនេះ មិនឲ្យវាធ្វើបានទេ។ វាស្អីឡើងវាថាមិនយកខ្មែរ ធ្វើសត្រូវទេ ក៏ប៉ុន្តែស្អីឡើង វាត្រូវតែកម្ចាត់ពួកហ្នឹងចោលតែម្តង។ បើឯងកម្ចាត់អញ អញក៏ត្រូវកម្ចាត់ឯង អាហ្នឹងវាមានតែប៉ុណ្ណឹង»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារផ្តាំថា គ្រឿងញៀននិងគ្រឿងស្រវឹង គឺជាចំណែកមួយ ដែលនាំឲ្យមានការប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ។

សូមបញ្ជាក់ថា ទោះបីជាអតីតបក្សប្រឆាំងជាច្រើននាក់ បានចេញមុខវាយប្រហារសកម្មភាពរបស់សម្តេច ប៉ុន្តែអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយវិញ បានលើកឡើងផ្ទុយពីមតិ របស់អតីតក្រុមបក្សប្រឆាំង។ ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានអះអាងថា មេដឹកនាំនៅលើពិភពលោកនេះ សុទ្ធតែធ្លាប់លើកកែវស្រាដើម្បីគំនាប់គ្នា ដោយគ្មានគណបក្សប្រឆាំងនៃប្រទេសគេ រិះគន់ដូចនៅកម្ពុជាឡើយ។

ពួកគាត់បានរំលឹកខ្លះៗថា ពេលលោកបារ៉ាក់អូបាម៉ា អតីប្រធានាធិបតីសហរដ្ឋអាមេរិក ពេលមកទស្សនកិច្ចនៅប្រទេសវៀតណាម ក៏ធ្លាប់លើកកែវស្រាបៀរដែរ។ ទន្ទឹមនឹងនេះ លោកស្រីហ៉ីលឡារីក្លីនតុន ដែលជាមេដឹកនាំបក្សប្រឆាំងអាមេរិក ក៏ធ្លាប់លើកកែវស្រាពេញៗដៃ បង្ហាញចំពោះមុខអ្នកសារព័ត៌មានផងដែរ៕