(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តជាច្រើន ដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យ ទាំងលើសមរភូមិយោធា នយោបាយនិងការទូត ព្រមទាំងផ្លូវច្បាប់ទៀតផង។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជននិស្សិត សិស្ស ចំនួន៦៨០នាក់ ដែលបានប្រឡងជាប់វគ្គនាយទាហានសកម្មជំនាន់ទី២៣ នាយទាហានជើងគោកជំនាន់ទី១១ នាយទាហានបន្តវេនជំនាន់ទី១២និងនាយទាហានជំនាញបច្ចេកទេសយោធា នៅសាកលវិទ្យាល័យការពារជាតិ។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា ក្នុងនាមសម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាពិសេស ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យសិក្ខាកាមបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស បានសម្តែងនូវការ អបអរសាទរប្រកបដោយក្ដីសោមនស្សរីករាយ និងមោទនភាពជាទីបំផុត ដែលរាជរដ្ឋាភិបាល និងកងយោធពល ខេមរភូមិន្ទបានទទួលគ្រាប់ពូជថ្មីបន្ថែមទៀត គឺក្មួយៗទាំង៦៨០នាក់នេះ ដែលទៅថ្ងៃអនាគត គឺជាទំពាំងស្នងឫស្សី អ្នកបន្តវេនក្នុងការចូលរួមថែរក្សា សន្តិភាព ស្ថិរភាព និងការការពារបូរណភាពទឹកដីកម្ពុជា ដោយប្រឆាំងដាច់ខាត ចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍បន្តថា កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ពីសង្រាមមួយទៅសង្រ្គាមមួយ ដែលតែងតែមានការផ្លាស់ប្តូររូបភាពយុទ្ធសាស្រ្ត និងយុទ្ធវិធី ពោលគឺពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ទៅជាការចរចារជាលក្ខណៈការទូតដោយសន្តិវិធី និងពីសង្រ្គាមផ្ទៃក្នុងទៅជាភារកិច្ចការពារជាតិ និងការអភិវឌ្ឍ។ កត្តានេះទាមទារឲ្យក្មួយៗ ខិតខំរៀនសូត្រ ដកបទពិសោធន៍អំពីសន្តិភាពដូចសព្វថ្ងៃនេះ ដែលបានបង្កលក្ខណៈដល់ក្មួយៗ ក្នុងការរៀនសូត្ររហូតទទួល បានជោគជ័យ និងប្រឡងជាប់ជាបន្តបន្ទាប់ ជាក់ស្តែងក្មួយៗ បានប្រឡងជាប់ចូលសិក្សា វគ្គនាយទាហានសកម្ម ជំនាន់ទី២៣ចំនួន២០០នាក់ វគ្គនាយទាហានទ័ពជើងគោក ជំនាន់ទី១១ចំនួន២៥០នាក់ វគ្គនាយទាហានបន្តវេន ជំនាន់ទី១២ ចំនួន១៧០នាក់ និងវគ្គនាយទាហានជំនាញ បច្ចេកទេសយោធាចំនួន៦០នាក់ នាពេលនេះ លើចំនួនបេក្ខជនទូទាំងប្រទេសមានរហូតទៅដល់ ៨៣៥២នាក់។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា បានថ្លែងទៀតថា លទ្ធផលខាងលើនេះ បានបញ្ជាក់ឲ្យ ឃើញថាកម្ពុជាមានថ្នាក់ដឹកនាំ ពោរពេញទៅដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តជាច្រើន ដែលនាំឲ្យកម្ពុជា ទទួលបានជោគជ័យទាំងលើសមរភូមិយោធា នយោបាយនិងការទូត ព្រមទាំងផ្លូវច្បាប់ទៀតផង ហើយមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍សាកលវិទ្យាធិការ ក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាល និស្សិត នាយទាហានថ្មីទាំង៦៨០នាក់ ដែលបានលះបង់កូនចៅ មកចូលបម្រើក្នុងកងទ័ព និងសុំឲ្យក្មួយៗទាំងអស់ យកចិត្តទុកដាក់រៀនសូត្រ បង្កើនសមត្ថភាពក្លាយជាអ្នកបន្តវេនដ៏ពិតប្រាកដចូលរួម ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕