(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានបន្ដអំពាវនាវជាថ្មីម្ដងទៀត ដល់អាជ្ញាធរមូលដ្ឋាន ក្រសួងធនធានទឹក និងមន្ទីរធនធានទឹក ត្រូវបន្ដយកចិត្តទុកដាក់ ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅក្នុងរដូវប្រាំងឆ្នាំនេះ។
ការបន្ដអំពាវនាវជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ឥលូវនេះ បញ្ហាប្រឈម ដែលខ្ញុំបានចេញចរាចរ កាលពីពេលមុន នៅតែបន្ដប្រឈមដដែរ គឺការខ្វះទឹក ដែលសូមស្នើឲ្យប្រជាពលរដ្ឋ ធ្វើស្រូវប្រាំងតែម្ដងបានហើយ ប៉ុន្ដែប្រជាពលរដ្ឋ មួយចំនួនគាត់ឧស្សាហ៍ គាត់ប្រើប្រាស់ទឹកដែលនៅសល់ ធ្វើស្រែប្រាំងបន្ដ បន្ទាប់ពីច្រូតកាត់ម្ដងហើយ គាត់ធ្វើម្ដងទៀត ធ្វើឲ្យទឹកដែលដំកល់ទុក សម្រាប់ការប្រើប្រាស់នេះវាខ្វះ»។
សម្ដេចតេជោ បានបន្ថែមទៀតថា «ឥលូវនេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងតែធ្វើអន្ដរាគមន៍ស្រោចស្រព ទៅលើស្រូវប្រាំងមួយចំនួន ដែលកំពុងរងការគំរាមកំហែង ដែលសុំឲ្យអាជ្ញាធរមូលដ្ឋាន ក្រសួងធនធានទឹក និងមន្ទីរធនធានទឹក បន្ដការខិតខំដោះស្រាយបញ្ហានេះ ប៉ុន្ដែអ្វីដែលជាចំណុចត្រូវយកចិត្តទុកដាក់ធំជាងគេទៅទៀតនោះ គឺទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរបស់យើង»។
ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានដឹកទឹកជូនប្រជាពលរដ្ឋ ប៉ុន្ដែពេលនោះបញ្ហាចំណោម គឺនៅត្រង់ថា អណ្ដូងទឹករបស់យើងត្រូវរីងស្ងួត ដែលអត់មានអណ្ដូងទឹកទេ ដោយសារគ្មានអណ្ដូងទឹកនោះហើយ...ព្រោះធ្លាប់តែជីក ៨ម៉ែត្រ ដល់ដង្ហើមទឹកដែលទឹកចេញ ក៏ប៉ុន្ដែទឹកបានធ្លាក់ ដល់១០ម៉ែត្រ ទៅខាងក្រោម ធ្វើឲ្យអណ្ដូងនោះស្ងួតទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឥលូវឆ្នាំនេះ គ្រប់ទីកន្លែងទាំងអស់ សូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ខិតខំជីកអណ្ដូង ប្រសើរជាងដឹកទឹកទៅពីចំងាយ បើទោះបីថាវាជ្រៅបន្ដិច តែការប្រើប្រាស់ការជីកអណ្ដូង គឺជាមធ្យោបាយដែលល្អ ទោះបីជាឆ្នាំនេះមានទឹក ឆ្នាំក្រោយខ្វះទឹក ក៏នៅតែមានអណ្ដូងប្រើប្រាស់ ចឹងត្រូវតែបន្ដការជីកអណ្ដូង នៅទីកន្លែងដែលខ្វះទឹក។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ដអំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលនៅទីកន្លែង ដែលមានប្រភពទឹក ដែលវាមិនច្រើន មិនមែនជាទឹកធ្លាក់មករហូត សូមឲ្យបញ្ចប់ការធ្វើស្រូវបាំង ហើយក៏កុំអាងទាន់ ធ្វើស្រូវបង្កើនរដូវ នៅពេលដែលភ្លៀងមិនទាន់បានមកដល់។
គូសបញ្ជាក់ថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរង ដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
បើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ធ្លាប់ទទួលបាន បានបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះ ក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ -ល-។
តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះ រួមមាន៖
១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕