(ព្រះសីហនុ)៖ អភិបាលក្រុងព្រះសីហនុ លោក អ៉ី សុខឡេង ថ្លែងឲ្យដឹងថា រដ្ឋបាលក្រុងនឹងបន្តបញ្ជូនមន្ត្រីជំនាញចុះរៀបចំសណ្តាប់ ដោយនឹងចុះស្ទូចយកយានយន្តគ្រប់ប្រភេទ និងម៉ូតូជាដើម ដែលត្រូវម្ចាស់ចតចោលគ្មានសណ្តាប់ធ្នាប់នៅលើទ្រូងផ្លូវសាធារណៈយកមករក្សាទុកក្នុងបរិវេណសាលាក្រុងរយៈវែង មុននឹងផាកពិន័យ ដើម្បីជាការព្រមានដល់ម្ចាស់ឲ្យរាងចាល។
លោក អ៉ី សុខឡេង បន្តថា កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនាម្សិលមិញនេះ មន្ត្រីរដ្ឋបាលក្រុង បានចាប់យករថយន្ត និងម៉ូតូ សរុបជិត ៣០គ្រឿងទៀតយកទៅរក្សាទុកជាច្រើនថ្ងៃ នៅសាលាក្រុង ដើម្បីដាក់ពិន័យដល់ម្ចាស់យានយន្តទាំងនោះ ព្រោះបានចតប៉ះពាល់ផ្លូវសាធារណៈ នាទីប្រជុំជនក្រុងព្រះសីហនុ ជាពិសេសផ្លូវម្តុំខាងមុខផ្សារលើ។
លោកអភិបាលក្រុងថ្លែងបន្តថា ចំពោះការចាប់យករថយន្ត និងម៉ូតូចតគ្មានសណ្តាប់ធ្នាប់នេះ គឺរដ្ឋបាលក្រុង នឹងមិនធ្វើការដោះស្រាយដោយបង់ប្រាក់ពិន័យភ្លាមៗ រួចឲ្យម្ចាស់នាំយករថយន្ត និងម៉ូតូទាំងនោះទៅវិញភ្លាមៗទេ ពោលគឺបាននាំយកទៅរក្សាទុកច្រើនថ្ងៃ ឬឈានដល់រក្សាទុករយៈពេល ១ខែ ទើបធ្វើការដោះស្រាយជាក្រោយ។
«ចំពោះមតិចោទប្រកាន់ដែលថា សកម្មភាពចុះចាប់រថយន្ត និងម៉ូតូរាល់ថ្ងៃនេះ គឺធ្វើឡើងចំពោះតែប្រជាពលរដ្ឋគ្មានខ្នងបង្អែក និងគ្មានអំណាចនោះ ជារឿងមិនពិតនោះទេ។ សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនាទីប្រជុំជនក្រុងព្រះសីហនុ អាជ្ញាធរនឹងចុះអនុវត្តជាប្រចាំ និងនៅគ្រប់ទីកន្លែង នៅទូទាំងក្រុង ដោយពុំគិតម្ចាស់យានយន្តទាំងនោះ ជាជនជាតិខ្មែរ ឬជាជនជាតិបរទេសនោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់អភិបាលក្រុងព្រះសីហនុ។
លោក អ៉ី សុខឡេង បញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩មក មានរថយន្តតូចធំ និងម៉ូតូរាប់សិបគ្រឿង ត្រូវបានអាជ្ញាធរក្រុង ចាប់យកមករក្សាទុកក្នុងបរិវេណសាលាក្រុងព្រះសីហនុ ដោយនាំយកមករក្សាទុករយៈពេលយូរថ្ងៃ ជាការព្រមានដល់ម្ចាស់ឲ្យរាងចាល។
ទាក់ទិនចំណាត់ការខាងលើនេះ ទទួលបានការសាទរ និងគាំទ្រច្រើនពីសាធារណៈជន ជាពិសេសប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវសាធារណៈ ឬជាអ្នកបើកបរយានយន្តគ្រប់ប្រភេទនាទីប្រជុំជនក្នុងក្រុងព្រះសីហនុ ព្រោះអាចបញ្ចៀសរាល់ការកកស្ទះ។
ប្រជាពលរដ្ឋសំណូមពរអភិបាលក្រុងព្រះសីហនុ លោក អ៉ី សុខឡេង បន្តសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ ឲ្យបានជាប្រចាំ និងឲ្យមានប្រសិទ្ធភាព ដោយមិនត្រូវយោគយល់ដល់ជនអនាធិបតេយ្យទាំងនោះទេ។ បន្ថែមលើនេះ ក៏ស្នើដល់អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ឲ្យបន្តមានវិធានការក្តៅ ចុះទប់ស្កាត់រថយន្តដឹកទំនិញធុនធំ បើកចូលក្រុងពេលថ្ងៃ ឲ្យមានប្រសិទ្ធភាពផងដែរ ព្រោះបានបង្កឲ្យកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើរជារៀងរាល់ថ្ងៃ៕