(ម៉ូស្គូ)៖ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡា លោក អេលីយ៉ូត អាប្រាមស៍ (Elliott) Abrams បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនពិតជាកំពុងដាក់សម្ពាធលើឥណ្ឌា ឱ្យបញ្ឈប់ការទិញប្រេងពីប្រទេសអាមេរិកឡាទីនមួយនេះ ប្រាកដមែន។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក Abrams ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីចុងសប្ដាហ៍កន្លងទៅ និងបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍មួយថា ឥណ្ឌាបានទិញប្រេងពីវេណេស៊ុយអេឡា ៦២០,០០០បារ៉ែលក្នុងមួយថ្ងៃ គិតត្រឹមពាក់កណ្ដាលខែកុម្ភៈកន្លងទៅនេះ។ លោក Abrams បានគូសបញ្ជាក់ដូច្នេះថា «យើងធ្លាប់ប្រាប់អ្នកទាំងអស់គ្នា កុំឱ្យគាំទ្ររបបមួយនេះ (របបដឹកនាំលោក ម៉ាឌូរ៉ូ) ដោយអ្នកត្រូវតែឈរនៅខាងប្រជាជនវេណេស៊ុយអេឡា។ លើសពីនេះទៅទៀត សេតវិមានក៏បានបញ្ជូនសារដូចគ្នានេះទៅកាន់រដ្ឋាភិបាលដទៃដែរ»។
គួរបញ្ជាក់ថា លោក Elliott Abrams ក៏ធ្លាប់បានព្រមានដែរថា សហរដ្ឋអាមេរិកអាចនឹងពិចារណាដាក់ទណ្ឌកម្មលើបណ្ដាប្រទេស ទាំងឡាយណាដែលបន្តគាំទ្ររបបដឹកនាំរបស់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ តែទោះជាយ៉ាងនេះក្ដី ទីក្រុងញូដេលី នៅតែអះអាងដែរថា ខ្លួនមិនខ្វល់ឡើយពីសម្ពាធរបស់សហរដ្ឋអាមេរិក ហើយថានឹងនៅតែបន្តទិញប្រេង ក៏ដូចជាធ្វើពាណិជ្ជកម្មជាមួយទីក្រុងការ៉ាស់កាស់ដដែល ព្រោះវាជាសិទ្ធិអធិបតេយ្យភាពរបស់ឥណ្ឌា។
ដោយឡែកបើគេសម្លឹងមើលទៅភាពជាក់ស្តែងវិញនោះ វេណេស៊ុយអេឡាគឺជាប្រទេសដែលមានកំណប់ទ្រព្យប្រេងច្រើនជាងគេលើលោក ហើយប្រទេសតូចធំជាច្រើនបានរកស៊ីវិស័យនេះជាមួយវេណេស៊ុយអេឡារាប់ទសវត្សរ៍មកហើយ។ តួយ៉ាងសម្រាប់ប្រទេសយក្សដូចជាឥណ្ឌា ដែលតម្រូវការប្រេងក្នុងមួយថ្ងៃៗស្ថិតក្នុងចំនួនច្រើនបែបនេះ វាពិបាកណាស់ក្នុងការរកដៃគូផ្សេងមកជំនួស ហើយបើឥណ្ឌាធ្វើតាមអាមេរិកមិនទិញប្រេងពីវេណេស៊ុយអេឡា នោះចរន្តសេដ្ឋកិច្ចរបស់ខ្លួនពិតជារងគ្រោះធ្ងន់ធ្ងរមិនខាន៕