(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា កម្ពុជាមិនចាំបាច់ក្នុងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានច្បាប់ប្រហារជីវិតនោះទេ ដោយសារតែពេលនេះកម្ពុជាមានច្បាប់ដែលដាក់ពន្ធនាគារអស់មួយជីវិតសម្រាប់ឧក្រិដ្ឋជននោះ គឺគ្រប់គ្រាន់ហើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រការលើកឡើងរបស់លោកមេធាវី សុខ សំអឿន លោក អ៊ូ វីរៈ និងលោក សុខ ទូច ដែលមិនគាំទ្រឲ្យមានច្បាប់ប្រហារជីវិត។ សម្តេចតេជោ បានប្រកាសថា ពេលនេះ កម្ពុជាមិនចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឲ្យមានច្បាប់ប្រហារជីវិតនោះទេ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសយើងបានលុបចោលទោសប្រហារជីវិត តាំងពីជំនាន់អតីតរដ្ឋកម្ពុជាឯណោះ ពេលដែលយើងកែរដ្ឋធម្មនុញ្ញពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា យើងបានលុបចោលទោសប្រហារជីវិតរួចទៅហើយ បន្តបន្ទាប់រហូតមកដល់ពេលនេះ។ អញ្ចឹងចំណុចដែល លោក សុខ សំអឿន លោក អ៊ូ វីរៈ និងលោកសុខ ទូច លើកឡើង ខ្ញុំគិតថាមតិនេះគឺត្រូវ ព្រោះបើសិនជាមានការប្រហារជីវិតភាន់ច្រឡំណាមួយកើតឡើង គឺជាគ្រោះថ្នាក់ធំទៅវិញទេ។ នេះគឺជាស្ថានភាពមួយ ដែលមិនស្របតាមបរិបទប្រទេសរបស់យើងបានដើរមកដល់ដំណាក់កាលនេះ»។
សម្តេចបានបន្តទៀតថា «បើសិនជាមានការថ្លោះធ្លោយណាមួយកើតឡើង នៅក្នុងការកាត់ទោសប្រហារជីវិត អ្នកដែលស្លាប់ទៅនោះ ស្រាប់តែសើររើសរឿងក្តីត្រឡប់មកវិញ គ្នាអត់មានទោសអីសោះ បែរជាមនុស្សស្លាប់បាត់ទៅហើយ អញ្ចឹងរឿងនេះ គឺជារឿងមួយអនោចអធម៌ លើសពីអ្វីដែលយើងគិតដល់ អញ្ចឹងទេខ្ញុំព្រះករុណាខ្ញុំគិតថា មិនមានការចាំបាច់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីនឹងឱ្យមានទោសប្រហារជីវិតទេ តែត្រូវយកវិធានការព្រមៗ ជាមួយនឹងវិធានការអប់រំ សីលធម៌ក្នុងសង្គម ដើម្បីកាត់បន្ថយ ឬឈានទៅបញ្ចប់ៗ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា វិធីសាស្រ្តអប់រំនេះ រះសង្ឃក៏ត្រូវចូលរួមចំណែក ដើម្បីលើកកម្ពស់នូវគុណធម៌សម្រាប់សង្គមរបស់យើងផងដែរ។ ចំណុចនេះ គឺជាចំណុចគន្លឹះ រឿងទោសទណ្ឌជារឿងក្រោយ តែការការពារជារឿងចាំបាច់ កុំឱ្យវាកើតមាន ដូចពាក្យរូពេទ្យនិយាយថា «ការពារប្រសើរជាងព្យាបាល»។
សម្តេចបានបញ្ជាក់ថា «ការអប់រំនៅក្នុងសង្គមរបស់យើង ត្រូវតែពង្រឹងដើម្បីចៀសវាងការប្រព្រឹត្តនូវបាបកម្ម ដែលមិនគួរឱ្យកើតនៅលើសង្គមរបស់យើង មិនត្រូវតែប្រព្រឹត្តចំពោះសាច់ញាតិខ្លួនឯងទេ តែប្រព្រឹត្តទៅលើស្រ្តី។ ឯទី២ ការអនុវត្តច្បាប់ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុត សម្រាប់អ្នកប្រព្រិត្តរឿងនេះ បើសិនជារឿងនេះវាកើតហើយ ទោសមួយជីវិតគឺគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់ការប្រព្រឹត្តបែបនេះ»។
សូមបញ្ជាក់ថា ក្នុងឱកាសសំណេះសំណាល ជាមួយគ្រូ និងកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដោយសារតែខឹងនឹងជនដែលបានរំលោភកុមារីខ្លាំងពេក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចចង់ឱ្យមានទោសប្រហារជីវិត ចំពោះជនដែលមានសណ្តានជាសត្វតិរច្ឆាន ទៅប្រព្រឹត្តអំពើរំលោភបំពានលើរូបរាងកាយរបស់កុមារ ប៉ុន្ដែត្រូវធ្វើឡើងតាមប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ក្នុងពិធីនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមានធ្វើយុទ្ធនាការព្រមៗគ្នា ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គម និងលុបបំបាត់ការរំលោភលើសេពសន្ថវៈលើកុមារ និងសកម្មភាពរំលោភសេពសន្ថវៈ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមានការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ ជាពិសេសការដាក់ទោសមួយជីវិត ចំពោះជនរំលោភសេពសន្ថវៈ។
សូមបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន២ នៅតំបន់អាស៊ាន ដែលមិនមានច្បាប់ប្រហារជីវិតអ្នកទោសឧក្រិដ្ឋជន។ កម្ពុជាមានទោសធ្ងន់ធ្ងរជាងគេ គឺជាប់ពន្ធនាគារមួយជីវិត សម្រាប់ឧក្រិដ្ឋជន។ មាត្រា ៣២ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិត មិនត្រូវឱ្យមានឡើយ៕