(ស្ទឹងត្រែង)៖ ដើម្បីចូលរួមទប់ស្កាត់រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទដាក់លក់ នៅលើទីផ្សារនោះ មន្រ្ដីកាំកុងត្រូលសាខាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្ទឹងត្រែងថ្មី ក្នុងខេត្តស្ទឹងត្រែង។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារស្ទឹងត្រែងថ្មី ទៅលើចំណីអាហាររួចមក ជាលទ្ធផលទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ដែលបានពិនិត្យទាំងនោះឡើយ។ ប៉ុន្តែក្រុមការងារ បានរកឃើញទំនិញ ហួសកាលបរិច្ឆេទ មានមីកំប៉ុង៣កំប៉ុង ហតដក លីឆឹង២កញ្ចប់ និងបង្អែមចាហ៊ួយខ្មៅ ចំនួន២៧គីឡូក្រាម មានសារធាតុគីមី ហាមឃាត់ Borax ដកហូតកម្ទេចចោលភ្លាមៗ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង អំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក គឹម ប្រុស ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕