(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ មិនថានៅប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗ នៅលើសកលលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបង្កើនការចូលរួមរបស់ស្ត្រី នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ នៃការរស់នៅរបស់ស្រ្ដី ដោយហេតុនេះហើយ ទើបក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ បានរៀបចំពានរង្វាន់ជួនដល់សមាជិកឆ្នើមរបស់ខ្លួន ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅកម្ពុជា ឲ្យមានភាពទូលំទូលាយបន្ថែមទៀតផងដែរ។
ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅបានបញ្ជាក់ឲ្យដឹងថា កម្មវិធីនេះរៀបចំឡើង ដើម្បីអបអរសាទរទិវានារីអន្តរជាតិលើកទី១០៨ និងជាការលើកទឹកចិត្តដល់សមាជិកឆ្នើមរបស់លោក ដែលបានខិតខំប្រឹងប្រែងក្នុងជំនួញជាអ្នកលក់ និងចែកចាយបន្ត រហូតក្លាយខ្លួនជាអ្នកដឹកនាំដែលអាចបង្កើតសមាជិកជាច្រើនអ្នកដោយខ្លួនឯង។
លោកបានរំលឹកពីប្រវត្តិតស៊ូរបស់លោកថា «ខ្ញុំបានចាប់ផ្តើមពីបាទដៃទទេរបស់ខ្ញុំពីតូបប្រហិតដ៏តូចមួយ អភិវឌ្ឍន៍ខ្លួនមកដល់សព្វថ្ងៃនេះ ក្លាយជាប្រធានក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំមួយ ដោយសារការខិតខំប្រឹងប្រែង មើលឲ្យធ្លុះទៅក្នុងឱកាស ហើយត្រូវចេះឆក់ឱកាសក្នុងឱកាស ទើបយើងរីកធំធាត់លឿនបែបនេះ»។
លោកបានបន្ថែមថា ពេលនេះ ឫស្សីយើងចាក់ឬសយ៉ាងជ្រៅដល់៨ជំនាន់ នឹងបែកមែកសាខាក្លាយជាព្រៃឬស្សីយ៉ាងក្រាស់ ដែលសមាជិកកើនឡើងដល់៤៨,៤០០នាក់ហើយ គិតមកដល់ពេលនេះ។ បេសកកម្មព្យាបាលជំងឺក្រីក្រ ក្នុងប្រទេសកម្ពុជា ក៏បញ្ចេញពន្លឺកាន់តែច្បាស់ ហើយពេលនេះស្ត្រីជិត៥ម៉ឺននាក់ ដែលកំពុងធ្វើជំនួញជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ និងកំពុងរីករាយក្នុងការរកចំណូលប្រចាំថ្ងៃរបស់ពួកគាត់គ្រប់ៗគ្នាផងដែរ។
ឧកញ៉ា អ៊ុច សម្បត្តិ បានបង្ហាញនូវជំហរ និងជំនឿយ៉ាងមុតមាំរបស់លោកថា «ក្រុមហ៊ុនគ្រួសារកក់ក្ដៅ នឹងមានសមាជិក១សែននាក់ក្នុងឆ្នាំ២០១៩ ហើយនឹងក្លាយខ្លួនជាក្រុមហ៊ុនគ្រឿងសម្អាងលំដាប់ពិភពលោក នៅពេលដែលក្រុមហ៊ុនលោកមានអាយុ១៥ឆ្នាំ នៅក្នុងឆ្នាំ២០៣០នាពេលខាងមុខ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិត ចែកចាយ និងលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ មានបណ្ដាចែកចាយរាប់ម៉ឺននាក់ ទូទាំង២៥រាជធានី-ខេត្ត៕