(ក្រចេះ)៖ កិច្ចប្រជុំលើកទី១២ នៃគណៈកម្មការសម្របសម្រួលចម្រុះតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (12th CLV DTA JCC) ត្រូវបានរៀបចំឡើងនៅសាលមហោស្រពខេត្តក្រចេះ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (កម្ពុជា), លោក ស៊ូផាន់ កែវមីសៃ (Souphanh KEOMIXAY) រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគ ប្រទេសឡាវ និងលោក ង្វៀង ជីហ្សុង (NGUYEN Chi Dung) រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគ ប្រទេសវៀតណាម។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើល និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ នៅក្រោមក្របខណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បន្ទាប់ពីកិច្ចប្រជុំកំពូល CLV DTA លើកទី១0 នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំផែនការសកម្មភាព និងគម្រោងជាក់លាក់ សម្រាប់អនុវត្តន៍កិច្ចព្រមព្រៀង និងផែនការមេដែលមានស្រាប់។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងបី បានកត់សម្គាល់ទំហំវិនិយោគរបស់វៀតណាម នៅក្នុងខេត្តកម្ពុជា នៃ CLV DTA ចំនួន ៤៩គម្រោង ដែលមានតម្លៃជាទឹកប្រាក់១,៦៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងរបស់កម្ពុជា និងវៀតណាម ក្នុងការទាក់ទាញវិនិយោគថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការយកពន្ធត្រួតគ្នា និងការលុបបំបាត់សារពើពន្ធទាក់ទងប្រាក់ចំណូល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ខណៈដែលឡាវកំពុងផ្លាស់ប្តូរទស្សនៈលើបញ្ហានេះ។
បន្ថែមលើនេះ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត កម្ពុជាបានធ្វើប្រតិភូកម្មសេវាចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌី (D) ដល់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែនចំនួន៩ ដូចជា ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង។
ទន្ទឹមគ្នានោះដែរ រដ្ឋមន្ត្រីនៃប្រទេសទាំងបី ក៏បានពិនិត្យ និងឯកភាពលើរបាយការណ៍ ដែលរៀបចំដោយឧត្តមមន្ត្រីកម្ពុជា-ឡាវ-វៀតណាម ជាមួយលទ្ធផលដូចតទៅ៖
* កោតសរសើរវេទិកាយុវជន CLV DTA ដែលធ្វើឡើងកាលពីថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមាន ចូលរួមពីយុវជនកម្ពុជា ឡាវ និងវៀតណាមចំនួន ៥៥នាក់ ដើម្បីពិភាក្សាលើប្រធានបទចំនួនបី៖ (១)យុវជន និងបច្ចេកវិទ្យា (២)យុវជន និងជំនាញសម្រាប់សតវត្សទី២១ និង(៣)យុវជន និងសហគ្រិនភាព។
* កោតសរសើរពិព័រណ៍ពាណិជ្ជកម្ម CLV ដែលធ្វើឡើងកាលពីថ្ងៃទី០៧-១០ ខែមីនា ឆ្នាំ២០១៩ ដោយមានស្តង់សរុបចំនួន ២១៥ ក្នុងនោះស្តង់ចំនួន៥ ត្រូវបានផ្តល់ឱ្យខេត្តរបស់ប្រទេសឡាវ និងវៀតណាម ដើម្បីដាក់តាំងបង្ហាញសេវាកម្ម និងលក់ផលិតផលប្រភេទកសិកម្ម សិប្បកម្ម ចំណីអាហារ និងភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងសម្ភារៈសំណង់។ល។
* កោតសរសើរលទ្ធផលនៃសន្និសីទជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ លើកទី១២ ដែលធ្វើឡើងកាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីធុរជនកម្ពុជា ឡាវ និងវៀតណាម ចំនួន ៣០០នាក់ ដែល ផ្តល់ឱកាសជូនវិស័យឯជន បានផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកធុរកិច្ចទាំងក្នុង និងក្រៅ CLV DTA។
* ប្រគល់ភារកិច្ចជូនស្ថាប័នប្រទេសទាំងបី ប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្ន័យស្តីពីវិស័យទេសចរណ៍ នៅក្នុង CLV DTA សម្រាប់ភ្ជាប់កាលវិភាគកិច្ចប្រជុំ សំដៅបញ្ចប់ផែនការមេឱ្យបានឆាប់រហ័ស។
* ផ្លាស់ប្តូរទស្សនៈលើលទ្ធភាពបញ្ចប់របាយការណ៍សិក្សា ស្តីពីផែនការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ ក្នុង CLV DTA និងកិច្ចព្រមព្រៀង ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មាន តាមរយៈមន្ត្រីបង្គោលនៃប្រទេសទាំងបី។
* ប្រគល់ភារកិច្ចជូនវៀតណាម ដឹកនាំរក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៃគេហទំព័រ CLV DTA និងឯកភាពឱ្យស្ថាប័នទាំងបី សហការបង្ហោះព័ត៌មាន ដែលមានការឯកភាព តម្លាភាព និងសុក្រឹតភាព។
* ជំរុញ និងលើកទឹកចិត្តប្រទេសទាំងបី បន្តសហការស្វែងរកការគាំទ្រហិរញ្ញវត្ថុ ឬជំនួយផ្សេងៗ សម្រាប់អនុវត្ត គម្រោងក្នុង CLV DTA ជាពិសេសផែនការសម្រាប់តភ្ជាប់សេដ្ឋកិច្ចប្រទេស CLV រហូតដល់ឆ្នាំ២០៣០។
* ទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពផែនការមេ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច CLV DTA ឆ្នាំ២០១០- ២០២០ ដើម្បីធ្វើឱ្យមានរូបភាពពេញលេញ ដោយឆ្លុះបង្ហាញអំពីបញ្ហាប្រឈមជាក់ស្តែង និងកាលានុវត្តភាព ក៏ដូចជាភាពចាំបាច់នៃប្រទេសទាំងបី នៅក្នុងបរិបទនៃការអភិវឌ្ឍថ្មី។
* ថ្លែងអំណរគុណប្រទេសឡាវ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពិសេសថ្នាក់ឧត្តមមន្រ្តី ដើម្បីរៀបចំកិច្ចប្រជុំកំពូល CLV DTA លើកទី១១ នៅចុងឆ្នាំនេះ និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ CLV DTA លើកទី១៣ រួមជាមួយកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំអនុគណៈកម្មការទាំងបួន នៅឆ្នាំ២០២១៕