(ភ្នំពេញ)៖ ដើម្បីចូលរួមថែរក្សាវិស័យសិល្បៈដ៏ថ្លៃថ្លាដែលបន្សល់ទុកដោយដូនតាខ្មែរ ជាពិសេសវិស័យសិល្បៈល្ខោននាដកម្មឲ្យនៅគង់វង្ស ល្ខោននិយាយដ៏ល្បីល្បាញគឺ «រឿង វង្សត្រកូលកំសត់» នឹងត្រូវរៀបចំសម្ដែងនៅសាលមហោស្របចតុមុខ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ដើម្បីឱ្យបងប្អូនខ្មែរទស្សនា ក៏ដូចជា ឧទ្ទិសដល់លោកសាស្ត្រាចារ្យវីរៈសិល្បករ ដែលបានបន្សល់ទុកស្នាដៃទាំងនេះ សម្រាប់សិល្បករជំនាន់ក្រោយ។
ល្ខោននិយាយ «រឿង វង្សត្រកូលកំសត់»នេះ ជាស្នាដៃនិពន្ធដោយកវីល្បីឈ្មោះ លោក ហង្ស ធន់ហាក់។ រឿងនេះ មានភាពល្បីល្បាញខ្លាំង រហូតដល់ពេញផ្ទៃប្រទេស នៅក្នុងជំនាន់ទស្សវត្តន៍ឆ្នាំ៦០។ ប៉ុន្តែ ក្រោយមក ដោយសារកូនខ្មែរមួយចំនួន ពុំបានដឹង ឬធ្លាប់ទស្សនា ទើបល្ខោននិយាយ «រឿងវង្សត្រកូលកំសត់» ដ៏ល្អឯកមួយនេះ ត្រូវបានអង្គការសកម្មភាពសិល្បៈ សហការជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ រៀបចំសម្ដែងសារជាថ្មី ជូនបងប្អូនខ្មែរ ជាពិសេសយុវជនបានទស្សានា។
រឿងនេះ មានខ្លឹបសារអប់រំ ពោលគឺចង់បានបង្ហាញនូវការខ្វែងគំនិតគ្នា ដែលធ្វើឲ្យជីវិតវង្សត្រកូលមួយនេះគ្មានមានសុភមង្គល។ ប៉ុន្តែ គុណធម៌ និងការផ្សះផ្សាយល់ចិត្តគ្នា បានធ្វើឱ្យវង្សត្រកូលមួយនេះ បញ្ចប់ការខ្វែងគំនិត ហើយកសាងអនាគតមួយដ៏ត្រចះត្រចង់។
ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ចូលរួមទស្សានា ដើម្បីបង្ហាញការគាំទ្រដល់ស្នាដៃវីរៈសិល្បករជំនាន់ដើមរបស់យើង ក្នុងរឿងល្ខោននិយាយ «វង្សត្រកូលកំសត់» ដែលនឹងត្រូវចាប់សម្ដែងជូនទស្សនិកជន ចាប់ពីថ្ងៃ២៣ ដល់២៤ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ នៅមហោស្របចតុមុខ ៕